(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានសហការជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទដ៏ធំរបស់ចិន China Mobile នាំយកការប្រើប្រាស់បច្ចេកវិទ្យាទៅលើកំពូលអេរើរ៉េស (Everest) ដែលជាទីខ្ពស់ជាងគេបំផុតនៅលើផែនដី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន Huawei បានធ្វើការដាក់ និងដំឡើងអង់តែនសេវា 5G ចំនួន៣ទីតាំងនៅលើកំពូលភ្នំអេវើរ៉េស ចាប់ពីទីតាំងដែលមានកម្ពស់ ៥៣០០ម៉ែត្រ ដល់ ៦៥០០ម៉ែត្រ។ មិនត្រឹមតែដាក់ដំឡើងអង់តែនសេវា 5G នៅទីនោះប៉ុណ្ណោះទេ ក្រុមហ៊ុន Huawei ថែមទាំងបានដាក់ក្រុមវិស្វករជំនាញ និងមានបទពិសោធន៍ឱ្យនៅធ្វើការមើលថែទាំងឧបករណ៍នៅទីនោះប្រចាំការ ២៤ម៉ោងរៀងរាល់ថ្ងៃ។

យោងតាមប្រភពខាងលើបានឱ្យដឹងថា ឧបករណ៍ 5G Active Antenna Unit (AAU) ដែលជាអង់តែនសេវា 5G របស់ក្រុមហ៊ុន Huawei ត្រូវបានបង្កើតដោយឱ្យបច្ចេកវិទ្យាខ្ពស់ និងបង្កនូវលក្ខណៈងាយស្រួលក្នុងការដំឡើង។ ចំណែកបច្ចេកវិទ្យា Massive MIMO គឺជួយចែកចាយសេវា 5G ឱ្យគ្របដណ្ដប់ជុំវិញភ្នំអេវើរ៉េសទាំងមូល ជាមួយនឹងល្បឿន Download 1.66 Gbps និងល្បឿន Upload 215 Mbps។

ទន្ទឹមនឹងនេះដែរ សមត្ថភាពសេវា 5G នៅលើកំពូលភ្នំអេវើរ៉េសគឺអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ upstream / downstream វីដេអូបានក្នុងល្បឿន 1Gbps បើទោះបីជាវីដេអូនោះមានកម្រិតគុណភាពខ្ពស់កម្រិតណាក៏នៅតែអាចធ្វើការបញ្ជូនចេញ និងទទួលបានដោយស្រួល ជាពិសេសគឺអាចប្រើឧបករណ៍ VR សម្រាប់ Live បានទៀតផង។

ក្រុមហ៊ុន Huawei សង្ឃឹមយ៉ាងមុតមាំថា ការនាំយកនូវបច្ចេកវិទ្យា 5G ទៅដាក់នៅលើកំពូលភ្នំអេវើរ៉េសនេះ នឹងបានធ្វើឱ្យពិភពលោកកាន់តែប្រសើរ ជាពិសេសគឺការនាំយកទេសភាពដ៏ស្រស់ស្អាត និងរស់រវើកនៃភ្នំនេះ ទៅចែកជូនមនុស្សទូទាំងពិភពលោកតាមរយៈការ Live វីដេអូដោយប្រើឧបករណ៍ VR ជាមួយកម្រិតគុណភាពវីដេអូខ្ពស់ត្រជាក់ភ្នែក។ ក្នុងនោះ Huawei ក៏រំពឹងថា ការនាំយកបច្ចេកវិទ្យា 5G នេះនឹងជួយសម្រួលដល់ការងារមួយចំនួនធំរបស់អ្នកវិទ្យាសាស្ត្រ ឬអ្នកស្រាវជ្រាវផ្នែកធម្មជាតិផ្សេងៗ៕