(ម៉ាឌ្រីដ)៖ គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានដាក់ក្តីសង្ឃឹមថា ចង់ឲ្យខ្សែប្រយុទ្ធឆ្នើម Lionel Messi បន្តកិច្ចសន្យាស្នាក់នៅជាមួយក្រុម FC Barcelona ជាថ្មីទៅមុខទៀត ខណៈកីឡាករអាហ្សង់ទីនរូបនេះមានគម្រោងចាកចេញពីក្លិបដែលស្ថិតក្នុងលីគ LaLiga នៅរដូវកាលក្រោយ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នេះ។

តាមការឲ្យដឹងពីវិទ្យុអេស្ប៉ាញ Cadena Ser បានឲ្យដឹងថា កីឡាករសញ្ជាតិអាហ្សង់ទីន Messi បានមានគម្រោងចាកចេញពីក្លិបអ្នកមានបុណ្យ Barca នៅឆ្នាំ២០២១ ដ៏ខ្លីខាងមុខ ដោយសាររូបគេមិនពេញចិត្ត និងការខកចិត្តទៅលើទិសដៅរបស់ក្លិបដែលគ្រោងធ្វើនៅពេលខាងមុខ។ កាលពីខែកុម្ភៈ Messi បាននិយាយថា «Barca មិនអាចឈ្នះពាន Champions League នោះទេ ក្នុងទម្រង់បច្ចុប្បន្ននេះ»

សំនួរ១ បានសួរនៅកាន់លោក Zidane ក្រោយទទួលជ័យជម្នះចំពោះលទ្ធភាពនៃការចាកចេញរបស់ Messi លោកបានឆ្លើយថា «ខ្ញុំពិតជាមិនដឹងពីបញ្ហា ប៉ុន្តែយើងមិនសង្ឃឹម ពីព្រោះគាត់កំពុងស្ថិតនៅក្នុងលីគនេះ ហើយយើងចង់បានអ្វីដែលល្អបំផុតនៅក្នុងលីគនេះ»

គួររំលឹកផងថា ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Messi បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ បានចាប់ផ្តើមជាមួយក្រុមឈុតធំ Barca នៅអំឡុងឆ្នាំ២០០៤ ដែលនឹងត្រូវផុតកិច្ចសន្យានៅឆ្នាំ២០២១ ខាងមុខ។ មួយរយៈពេលមុន កីឡាកររូបនេះមានការខ្វែងគំនិតជាមួយប្រធានកីឡា លោក Eric Abidal ចំពោះការស្តីបន្ទោសទៅលើកីឡាករ ក្រោយពីការចាកចេញរបស់អ្នកចាត់ការចាស់ លោក Ernesto Valverde នៅអំឡុងខែមករានោះ៕