(ភ្នំពេញ)៖ លោក Colin Huang ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ និងល្បីរបស់ចិន Pinduoduo Inc. បានប្រកាសលាលែងពីតំណែង នាយកប្រតិបត្តិ (CEO) ខណៈដែលគិតត្រឹមពេលនេះ លោកមានទ្រព្យសម្បត្តិសរុបប្រមាណជិត ៤៤ពាន់លានដុល្លារអាមេរិក និងជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន បន្ទាប់ពីលោក Jack Ma។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា លោក Colin Huang បានប្រកាសចុះចេញពី តំណែងនាយកប្រតិបត្តិជាផ្លូវការ និងបានប្រគល់តំណែងទៅឱ្យលោក Lei Chen ប្រធានផ្នែកបច្ចេកកវិទ្យា (CTO) ឡើងកាន់តំណែងជំនួសវិញ រីឯលោក Colin Huang ត្រូវបានគេដឹងថាទំនងជាទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។

លោក Huang វ័យ ៤០ឆ្នាំ បានថ្លែងនៅក្នុងសេចក្ដីប្រកាសថា «ខ្ញុំសង្ឃឹមថា តាមរយៈនៃការផ្លាស់ប្ដូរការគ្រប់គ្រងនេះ យើងអាចប្រគល់ភារកិច្ច និងការទទួលខុសត្រូវ កាន់តែច្រើនទៅឱ្យសហសេវិកវ័យក្មេងៗជំនាន់ក្រោយជាអ្នកដឹកនាំ ហើយវាក៏ជាការផ្ដល់ និងការទទួលឱកាសដើម្បីឱ្យក្រុមហ៊ុន Pinduoduo មានការរីកចម្រើន និងប្រែក្លាយទៅជាក្រុមហ៊ុនចាស់ទុំមួយជាមួយនឹងស្មារតីសហគ្រិនភាពជាបន្ត » ។

Pinduoduo Inc. ជាក្រុមហ៊ុនលក់ទំនិញអនឡាញមួយរបស់ចិន ដូចគ្នាទៅនឹងក្រុមហ៊ុន Alibaba ប៉ុន្តែបើនិយាយពីការផ្ដល់សេវាកម្ម និងការ ផ្ដល់ ជូន ផ្សេងៗដល់អតិថិជនវិញ គឺ Pinduoduo Inc. មានភាពខុសប្លែកពី Alibaba ហេតុនេះហើយទើបអាចឈរជើងបាន រហូតដល់ចេញលក់មូលបត្រភាគហ៊ុនដំបូង (IPO) កាលពីឆ្នាំ២០០៨ ទទួលបាន ១.៦ពាន់លានដុល្លារ ហើយគិតមកដល់ពេលនេះគឺ Pinduoduo Inc. មានតម្លៃរហូតដល់ ១០២ពាន់លានដុល្លារ។

ជាមួយគ្នានោះផងដែរ លោក Huang បានចែករំលែកនូវហ៊ុនដែលមានប្រមាណជា ៧.៧ភាគរយនៃភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Pinduoduo Inc. ទៅឱ្យក្រុមហ៊ុនដែលជាដៃគូជ្រាវជ្រាវ និង ២.៤ភាគរយនៃភាគហ៊ុនសរុប ទៅបង្កើតស្ថាប័នមូលនិធិសប្បុរធម៌ថ្មីមួយជាមួយនឹងក្រុមការងារ។

គួរបញ្ជាក់ផងដែរថា លោក Colin Huang ធ្លាប់បានចូលបម្រើការងារជាអ្នកហាត់ការនៅក្នុងក្រុមហ៊ុន Microsoft និងក្រោយមកក្លាយជាវិស្វករមួយរូបនៅក្នុងក្រុមហ៊ុន Google នាឆ្នាំ ២០០៤ នៅលើទឹកដីសហរដ្ឋអាមេរិក៕