(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជានឹងត្រឡប់មកវិញ នៅថ្ងៃនេះហើយ ដោយបន្ដសប្ដាហ៍ទី៦ បន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេល ៣ខែកន្លះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ (COVID-19)។

កម្មវិធីប្រកួតនៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដានេះ រួមមានក្លិបបឹងកេត ត្រូវជួបក្រុមភ្ញៀវសូលទីឡូអង្គរ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ។ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជួបក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នៅទីលានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី និងក្រុមនគរបាលជាតិ ជួបក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់។

ចំណែកថ្ងៃទី០៥ ខែកក្កដា គឺមាន ៣គូដូចគ្នា ដូចជាក្រុមខ្លាំង ប៉ះខ្លាំង រវាងក្លិបភ្នំពេញក្រោន និងក្លិបវិសាខា នៅកីឡដ្ឋាន RSN ។ មួយទៀត ជំនួបមិនគួរមើលរំលេងរវាងក្លិបណាហ្គាវើលដ៏ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមអគ្គិសនីកម្ពុជា ជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា។

យ៉ាងណាមិញ ការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា រាល់ការប្រកួត គឺត្រូវប្រកួតបិទទ្វារគ្មានអ្នកទស្សនាផ្ទាល់ឡើយ ដើម្បីបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្ដែរាល់ការប្រកួត នឹងមានការផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្ដាញសង្គមផ្លូវការមួយចំនួន ដែលអ្នកគាំទ្រអាចទស្សនា និងគាំទ្រពីចម្ងាយបាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

ប៉ុន្ដែស្ថិតក្នុងការប្រកួតបិទទ្វារនេះដែរ គេឃើញក្លិបបឹងកេត បានបង្កើតកម្មវិធីថ្មីមួយ ដើម្បីផ្ដល់ឱកាសឲ្យអ្នកគាំទ្រលើកទឹកចិត្តក្រុមខ្លួន គឺការទិញសំបុត្រ ប្ដូរជាមួយការព្រីនរូបរបស់ពួកគេលើផ្ទាំងមួយ ហើយដាក់បញ្ឈរតាមកៅអី រាល់ការប្រកួតក្នុងដី រហូតមានការអនុញ្ញាតឲ្យចូលទស្សនាឡើងវិញ។ ការរៀបចំនេះ អាចចាត់ទុកជាគំនិតថ្មីមួយ ដែលមិនទាន់ឃើញមានលីគបាល់ទាត់លើពិភពលោកធ្វើឡើយ អំឡុងកូវីដ-១៩ នេះ។

សូមរំឮកថា ក្រោយផ្អាកការប្រកួតជាយូរ មុនត្រឡប់មកវិញពេលនេះ ក្លិបសមាជិកលីគកំពូលកម្ពុជាទាំងអស់ ក៏បានឯកភាពកែប្រែរូបមន្ដថ្មីផងដែរ ដោយប្រកួតជើងទី១ រក្សានៅដដែល តែក្រុមឈរកំពូលតារាង ៦ក្រុម នឹងមានសិទ្ធិចូលរួមប្រកួតដណ្ដើមលេខ១ លេខ២ និងលេខ៣ នៅជើងទី២។ រីឯក្រុមឈរលេខ៧ ដល់លេខ១៣ នឹងត្រូវបន្ដការប្រកួតធម្មតា។ ចំណែកកីឡាករ គឺអាចផ្លាស់ប្ដូរបាន ៥នាក់ឯណោះ៕