(ភ្នំពេញ)៖ បច្ចុប្បន្នការប្រើប្រាស់បណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាហាក់មានការកើនឡើងខ្ពស់ ជាពិសេសគឺការប្រើបណ្ដាញសង្គម Facebook តែម្ដង ដោយចំនួនអ្នកប្រើប្រាស់នៅក្នុងកម្ពុជាបានកើនឡើងជារៀងរាល់ថ្ងៃ។

តើលោកអ្នកចង់ដឹងទេថា អ្នកប្រើ Facebook នៅកម្ពុជាគិតត្រឹមពេលនេះមានចំនួនប៉ុន្មាន?

យោងតាមស្ថិតិដែលបានបង្ហាញដោយក្រុមស្រាវជ្រាវ NepoleonCate បានឱ្យដឹងថា គិត្រឹមខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកប្រើ Facebook នៅ កម្ពុជា បានកើនឡើងដល់ ១០,៨៧២,០០០នាក់ ដែលស្មើនឹង ៦៤.៥ភាគរយនៃប្រជាជនទាំងអស់។

ស្ថិតិខាងលើក៏បានបញ្ជាក់ផងដែរ ចំនួនអ្នកប្រើដែលជាបុរសច្រើនជាងស្ត្រីដោយក្នុងនោះ បុរសមានរហូតដល់ ៥៦.៦ភាគរយ ខណៈដែលស្ត្រីមាន ៤៣.៤ភាគរយ ហើយបើប្រៀបធៀបពីចន្លោះអាយុរបស់បុរស និងស្ត្រីនោះគឺ ២៥ ដល់៣៤ឆ្នាំ។

ក្នុងចំណោមអ្នកប្រើ Facebook ទាំងជាង ១០លាននាក់នោះ គឺភាគច្រើនមានអាយុចន្លោះពី២៥ ដល់៣៤ឆ្នាំ ដែលមានរហូតដល់ ៤៧.៨ភាគរយ ចំណែកអ្នកមាន១៨ ដល់ ២៤ឆ្នាំ មាន៣០.៤ភាគរយ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ នេះ ចំនួនអ្នកប្រើប្រាស់ Facebook សរុបនៅជុំវិញពិភពលោកបានកើនឡើងដល់ជាង ២.៦ពាន់លាននាក់ ដោយក្នុងនោះ ឥណ្ឌាជាប្រទេសទី១ ដែលមានចំនួនអ្នកប្រើ Facebook ច្រើនជាងគេរហូតដល់ជាង ២៨០លាននាក់ ខណៈ សហរដ្ឋអាមេរិកឈរនៅលេខរៀងទី២ មានត្រឹមតែ ១៩០លាននាក់ប៉ុណ្ណោះ៕