(ស៊ែប៊ី)៖ កីឡាករវាយកូនបាល់ (តែននីស) លំដាប់កំពូលរបស់ពិភពលោក Novak Djokovic និងភរិយារបស់លោក Jelena ត្រូវបានគេធ្វើតេស្ត ឃើញអវិជ្ជមានវិញ នៃវីរ៉ុសឆ្លង COVID-19, មានរយៈពេល៩ថ្ងៃ បន្ទាប់ពីបានរកឃើញវិជ្ជមាន ក្រោយពីត្រឡប់មកពីចូលរួម ក្នុងព្រឹត្តិការណ៍ ប្រកួតវាយកូនបាល់ Adria Tour ដែលលោកបានរៀបចំឡើង, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី៤ ខែកក្កដានេះ។
ប្តីប្រពន្ធមួយគូរនេះ បានរស់នៅដាច់ដោយឡែកពីគេ អស់រយៈពេល១០ថ្ងៃកន្លងទៅ បន្ទាប់ពីវិលត្រឡប់មកពីទីក្រុង Zadar ប្រទេសក្រអាតវិញ ដោយមិនមានរោគសញ្ញាឡើយ នៃជំងឺឆ្លងរាតត្បាតនេះ។
កីឡាករ៤រូប មាន Djokovic, Grigor Dimitrov, Borna Coric និងកីឡាករ Viktor Troicki ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមាន នៃវីរ៉ុស COVID-19 នៅអំឡុងពេលចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនបាល់សប្បុរសធម៌ «Adria Tour» ដែលកីឡាករ Djokovic ជាអ្នករៀបចំឡើង ដោយការប្រកួតដែលនៅសេសសល់ ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានលុបចោលវិញ បន្ទាប់ពីលោកត្រូវបានគេរកឃើញមានវិជ្ជមាន នៃវីរ៉ុស COVID-19៕