(ប៉ារ៉ាហ្គាយ)៖ រដូវកាលប្រកួតបាល់ទាត់លីគ Apertura របស់ប្រទេសប៉ារ៉ាហ្គាយ នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៧ ខែកក្កដានេះ បន្ទាប់ពីបានផ្អាករយៈពេល៤ខែ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់ប៉ារ៉ាហ្គាយ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ។
ការវិលត្រឡប់មកវិញ នៃការប្រកួតបាល់ទាត់ នៅប្រទេសស្ថិតក្នុងទី្វបអាមេរិកខាងត្បូងមួយនេះ នឹងធ្វើឡើង បន្ទាប់ពីមន្ត្រីបានអនុម័ត លើពិធីសារអនាម័យយ៉ាងតឹងរឹង សម្រាប់ក្លឹប, មន្ត្រី និងទីលានប្រកួត។ ក្នុងចំណោមពួកគេ ត្រូវបាន ធ្វើតេស្ត ជាទៀងទាត់ និងមានបទបញ្ជាឲ្យ ការប្រកួតទាំងអស់ ត្រូវធ្វើឡើងនៅពីក្រោយទ្វារបិទ (មិនឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់)។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នៅប៉ារ៉ាហ្គាយ ត្រូវបានផ្អាកសកម្មភាព កាលពីថ្ងៃទី១៣ ខែមីនា, រយៈពេល២ថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសពីការរីករាលដាល នៃវីរ៉ុស COVID-19។
គួរជម្រាបថា ប៉ារ៉ាហ្គាយ មានករណីឆ្លងវីរ៉ុស COVID-19 ជាង២,៣០០ករណី ក្នុងនោះ១៩ករណីបានស្លាប់៕