(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុនៃលីគកម្ពុជា ប្រចាំសប្តាហ៍ទី៦ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះយុវជនបាទីក្នុងលទួ្ធផល ១០-០ ក្នុងទឹកដីនៃកីឡដ្ឋាន មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែកក្កដា។
កីឡាករដែលបានទាត់បញ្ចូលទីនោះរួមមាន កីឡាករ PEDRO AUGUSTO ពាក់លេខ៧៣ រកបាន៤គ្រាប់ និងទាត់ចូលនៅនាទីទី៦,១៣,២៣,៨៤ និងកីឡាករ KOBAYASHI DAISUKE ពាក់លេខ២០ រកបាន១គ្រាប់ នៅនាទីទី៣០ កីឡាករ JESUS DOS SANTOS ពាក់លេខ៦ រកបាន១គ្រាប់ នាទីទី៥៩ កីឡាករ PRIVAT ពាក់លេខ១០ រកបាន៣គ្រាប់ នាទីទី៧៦,៧៨,៧៩ និងកីឡាករ សារ៉េត គ្រីយ៉ា ពាក់លេខ១៣ នៅនាទីទី៨០។
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀងកាលពីសប្តាហ៍ទី៥ ក៏ធ្លាប់បានយកឈ្នះក្រុម អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនាកន្លងទៅ។ ស្វាយរៀងឆ្លងកាត់៦ប្រកួតកន្លងមកនេះ ឈ្នះ៥ដង ស្មើ១ដង និងឈរនៅចំណាត់ថ្នាក់លេខ១ ប៉ុណ្ណោះអាសន្ន មាន១៦ពិន្ទុ។
រីឯក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំវិញ កាលពីសប្តាហ៍ទី៥ ក៏ធ្លាប់បានចាញ់ក្រុម អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនាកន្លងទៅ។ យុវជនបាទីអាយុក្រោម១៨ឆ្នាំ ឆ្លងកាត់៦ប្រកួតកន្លងមកនេះដូចគ្នា មិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ ចាញ់៥ដង និងស្មើ១ដង និងឈរនៅចំណាត់ថ្នាក់លេខ១២ មាន១ពិន្ទុ៕