(ភ្នំពេញ)៖ ជំនួបដ៏កក្រើកប្រចាំសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងវិសាខា បានត្រឹមស្មើគ្នា ២-២ ប៉ុណ្ណោះ គ្រាដែលក្រុមណាហ្គាវើលដ៏ បានវាយបកឈ្នះក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) ដោយលទ្ធផល ៤-១ នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នេះ។
ជាមួយការលេងបិទទ្វារនេះ ភ្នំពេញក្រោន និងវិសាខា មិនបានធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយ ដោយក្រុមទាំងពីរ បានបើកការប្រយុទ្ធគ្នាពេញ ៩០នាទី នៅកីឡដ្ឋាន Smart RSN ។ វគ្គទី១ ក្រុមភ្ញៀវវិសាខា បាននាំមុខ ១គ្រាប់ នៅនាទី១១ ដែលធ្វើសម្រេចដោយកីឡាករ ស៊ិន សុផាណាត់ មុនត្រូវកីឡាករ Paulo Victor ជួយភ្នំពេញក្រោនតាមស្មើ ១-១ នៅនាទី៣៩ ។
លុះចូលវគ្គទី២ កីឡាករ រ៉ឹង ប៊ុនហៀង បានតែតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះជួយឲ្យវិសាខានាំមុខជាថ្មី នៅនាទី៦៦ តែចុងម៉ោង ខ្សែប្រយុទ្ធកូឡុំប៊ី Ares Nieto បានស៊ុត ១គ្រាប់ជួយឲ្យភ្នំពេញក្រោន តាមស្មើ ២-២ វិញ ហើយលទ្ធផលនេះ បានរក្សារហូតចប់ការប្រកួត ធ្វើឲ្យក្រុមទាំងពីរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ហើយក៏ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាងជំនួសភ្នំពេញក្រោនដែរ ។
ដោយឡែកការប្រកួតដ៏ជក់ចិត្ត ១គូទៀត គឺក្រុមណាហ្គាវើលដ៏ ធ្វើឲ្យក្រុមទ័ពខកចិត្តជាខ្លាំង បន្ទាប់ពីទ័ព បើកការនាំមុខ ១-០ នៅវគ្គទី១ តែត្រូវក្រុមលោក មាស ចាន់ណា ព្យាយាមវាយបករហូតរកបាន ៤គ្រាប់វិញ ដែលធ្វើសម្រេចដោយកីឡាករ Booysen Shane ២គ្រាប់ កីឡាករ គួច ដានី និង Naruse Yuta ម្នាក់ ១គ្រាប់ ។ ជ័យជម្នះនេះ បានធ្វើឲ្យណាហ្គាវើលដ៏ ឡើងឈរលេខ៤ និងមាន ១១ពិន្ទុ ស្មើក្រុមបឹងកេត ។
សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតសប្ដាហ៍ទី៦ តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា គឺក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងវិញ ដោយមាន ១៦ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៥ និងស្មើ ១ ខណៈភ្នំពេញក្រោន ធ្លាក់មកឈរលេខ២ និងមាន ១៤ពិន្ទុ ស្របពេលបឹងកេត និងណាហ្គាវើលដ៏ ឈរលេខ៣ និងលេខ៤ ដោយមាន ១១ពិន្ទុស្មើគ្នា ។ រីឯក្រុមវិសាខា បានធ្លាក់មកឈរលេខ ៥ និងរកបាន ១០ពិន្ទុក្នុងដៃ៕