(មេនឆេស្ទើ)៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅបានលើកឡើងថា យុវជនរបស់ក្លិប Manchester United គឺ Mason Greenwood បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការកោះហៅចូលក្រុមជ្រើសជាតិតោកំណាចអង់គ្លេស ក្រោយបង្ហាញទម្រង់លេងដ៏ល្អនៅកីឡដ្ឋាន Old Trafford នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា LiveScore។
Greenwood ដែលមានអាយុទើបតែ ១៨ឆ្នាំ រកបាន ២គ្រាប់ ក្នុងជំនួបដែលបិសាចក្រហមបានបំបាក់ក្រុមភ្ញៀវ AFC Bournemouth ៥-២ នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
បន្ថែមលើនេះ កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Greenwood ក៏ត្រូវបានប្រៀបធៀបទៅនឹងអតីតតារាឆ្នើមរបស់ Man Utd គឺកីឡាករ Robin van Persie បន្ទាប់ពីរូបគេ (Greenwood) បានរក ១៥គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយក្នុងនោះរាប់បញ្ចូលទាំង ៨ប្រកួតនៅ Premier League ផងដែរ។
តឹកតាំងទាំងនេះបានធ្វើឲ្យគ្រូបង្វឹកសញ្ជាតិន័រវេស Ole គាំទ្រចំពោះ Greenwood ដើម្បីឈានជើងចូលក្រុមជម្រើសជាតិអង់គ្លេសក្រោមការបង្វឹកដោយផ្ទាល់របស់លោក Gareth Southgate ជាលើកដំបូងរបស់គេ។ ដោយលោកបាននិយាយថា «នៅពេលដែលអ្នកលេងឲ្យ Man United ខ្ញុំគិតថា នោះគឺជាការសាកល្បងមួយដែលល្អគ្រប់គ្រាន់ និងលំបាកគ្រប់គ្រាន់។ ប្រសិនបើអ្នកអាចគ្រប់គ្រងការលេងឲ្យក្រុម Man United បាន ពេលនោះអ្នកអាចគ្រប់គ្រងការលេងឲ្យក្រុមណាមួយបានហើយ។ Greenwood មានគុណសម្បត្តិគ្រប់គ្រាន់ ដែលពុំមានកីឡាករច្រើន មានដូចគេ»។
គួរបញ្ជាក់ផងថា បិសាចក្រហមដែលមិនបានចាញ់ការប្រកួតណាមួយ ចាប់តាំងពីខែមករាមក បានឈរនៅលេខ៥ ក្នុងតារាង Premier League និងមាន ២ពិន្ទុតាមពីក្រោយក្រុមតោខៀវ Chelsea ក្នុងការប្រជែងយកកៅអីទៅពានរង្វាន់អឺរ៉ុប UEFA Champions League ដោយនៅសល់ ៥ប្រកួតទៀតបិទរដូវកាលនេះ៕