(បរទេស)​៖ «ឆាយណាថោន (Chinatown)» ជាទូទៅសំដៅលើតំបន់ប្រមូលផ្តុំនៃជនជាតិចិន ដែលស្ថិតនៅក្រៅប្រទេសចិន ក្រៅទីក្រុងហុងកុង ម៉ាកាវ ឬកោះតៃវ៉ាន់ ហើយភាគច្រើននៅតាមទីប្រជុំជន។ តំបន់ដែលគេនិយមហៅថា «Chinatown» នេះ មានវត្តមាននៅពាសពេញពិភពលោក ទាំងនៅអឺរ៉ុប អាមេរិក អាស៉ី អាហ្រ្វិក និងអូស្រ្តាលី ព្រមទាំងមជ្ឈិមបូព៌ា ជាដើម។

ការកកើតឡើងនៃ Chinatown ភាគច្រើន គឺចេញមកពីការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់ជនជាតិចិន ទៅកាន់តំបន់ដែលគ្មាន​ឬមានតិចតួចនូវជនជាតិចិនរស់នៅ។ តំបន់ Chinatown នៅសង្កាត់ប៊ីណូនដូ (Binodo) ក្នុងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ត្រូវគេទទួលស្គាល់​ថាជា Chinatown ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក គឺតាំងពីឆ្នាំ១៥៩៤។ ចំណែក Chinatown ដំបូងៗដែលគួរឲ្យកត់សម្គាល់​ជាងគេនៅ​ក្រៅពីតំបន់អាស៉ី គឺ Chinatown នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូរបស់សហរដ្ឋអាមេរិក និងនៅទីក្រុងមែលប៊នរបស់អូស្រ្តាលី ជាដើម ដែលត្រូវ​បានបង្កើតឡើង នៅពាក់កណ្តាលសតវត្សរទី១៩ កំឡុងសម័យរុករកឃើញរ៉ែមាសនៅរដ្ឋកាលីហ្វរញ៉ា និងរដ្ឋវិចតូរៀ។

* ប្រវត្តិនៃការកកើត Chinatown
បើតាមកំណត់ហេតុរបស់អ្នកប្រវត្តិសាស្រ្តចិននិងអឺរ៉ុប ជនជាតិចិនបានមកនាំគ្នាតាំងទីលំនៅជាច្រើន នៅតាមតំបន់ឆ្នេរនៃអាស៉ីគ្នេយ៍តាំងពី​សតវត្សរ៍ទី១៦។ តំបន់ Chinatown នៅម្តុំអាស៉ីយើងភាគច្រើន មានប្រវត្តិយូរអង្វែងជាងតំបន់ដទៃៗទៀត គឺរាប់សតវត្សរ៍ឯណោះ។ តួយ៉ាង Chinatown នៅទីក្រុងណាហ្គាសាគី, កូបេ, និងយូកូហាម៉ា របស់ជប៉ុន ព្រមទាំងនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន និងនៅទីក្រុងហយអាន និងបាវវិញ របស់វៀតណាម គឺ​​សុទ្ធតែមានវត្តមានរួចស្រេចនៅខ្ទង់ឆ្នាំ១៦០០។ រីឯ Chinatown នៅទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៉ី បានកកើតឡើងតាំងពីឆ្នាំ១៧៤០ ខណៈនៅក្នុង​ប្រទេសឥណ្ឌា Chinatown បានលេចឡើងដំបូងនៅទីក្រុងកូលកាតា ម៉ុមបៃ និងចិនណៃ អំឡុងទសវត្សរ៍ឆ្នាំ១៧៨០។ ចំណែក Chinatown នៅក្រុងបាងកករបស់ថៃ គឺបានប្រវត្តិតាំងពីឆ្នាំ១៧៨២ ស្មើនឹងអាយុទីក្រុងនេះតែម្តង។

សម្រាប់ការតាំងទីលំនៅរបស់ជនជាតិចិន នៅតាមតំបន់ដទៃទៀតនៃ​ពិភពលោក គឺចាប់ផ្តើមមានសន្ទុះខ្លាំងឡើងនៅសតវត្សរ៍ទី១៩។ នៅ​អំឡុងទសវត្សរ៍​ឆ្នាំ១៨៣០ គេសង្កេតឃើញមានជនជាតិចិនចាប់ផ្តើមរស់នៅ ក្នុងទីក្រុងលីវើភូលរបស់អង់គ្លេស នៅពេលដែលកប៉ាល់ជំនួញ​ដំបូងរបស់ចិន បានចូលមក​ចតនៅកំពង់ផែទីក្រុងនេះ ដើម្បីជួញដូរទំនិញ។ មកដល់ចុងទសវត្សរ៍ឆ្នាំ១៨៥០ ជនអន្តោប្រវេសន៍ចិនកាន់តែ​ច្រើនបាននាំគ្នា​​​ទៅកាន់ទីក្រុងលីវើភូល។

Chinatown នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូនៃសហរដ្ឋអាមេរិក គឺជា Chinatown ដែលមានទំហំធំបំផុតមួយ នៅតំបន់អាមេរិកខាងជើង ហើយ​មានអាយុកាលចំណាស់ជាងគេបំផុតប្រចាំនៅតំបន់នេះ។ វាបានបម្រើជាច្រកចូលមកកាន់សហរដ្ឋអាមេរិកសម្រាប់ជនអន្តោប្រវេសន៍​ចិនដំបូងៗ ចាប់ពីទសវត្សរ៍ឆ្នាំ១៨៥០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩០០។ អំឡុងពេលប្រហែលគ្នានេះ ជនជាតិចិនក៏បានធ្វើអន្តោប្រវេសន៍យ៉ាង​ផុសផុលទៅកាន់ប្រទេសអូស្រ្តាលីផងដែរ គឺនៅទីក្រុងម៊ែលបននៃរដ្ឋវិចតូរៀ ខណៈនាសម័យនោះ មានការរុករកឃើញរ៉ែមាសដំបូងៗ នៅរដ្ឋកាលីហ្វរញ៉ារបស់អាមេរិក និងរដ្ឋវិចតូរៀរបស់អូស្រ្តាលី។ ចាប់ពីពេលនោះមក Chinatown ក៏បានរីកដុះដាល នៅពាសពេញប្រទេស​ទាំងពីរ។ រីឯតំបន់ Chinatown ដទៃទៀត នៅតាមរដ្ឋធានីនៃបណ្តាប្រទេសអឺរ៉ុប រួមមានប៉ារីសនិងឡុងដ៍ ត្រូវបានបង្កើតឡើងនៅដើមសតវត្សរ៍ទី២០ ជាបន្តបន្ទាប់។

* ដើមកំណើតនៃពាក្យ Chinatown
ទោះបីពាក្យ «Chinatown» ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងតំបន់អាស៉ីក៏ដោយ វាមិនមែនចេញមកពីភាសាចិនឡើយ។ វត្តមានដំបូងបំផុត​របស់ពាក្យនេះ ទំនងជាមានជាប់ទាក់ទងទៅនឹងកន្លែងប្រមូលផ្តុំរស់នៅរបស់ជនជាតិចិន នៅក្នុងប្រទេសសិង្ហបុរី ដែលនៅឆ្នាំ១៨៤៤ គឺ​ត្រូវបានគេហៅថា «China Town» ឬ «Chinatown» ដោយរដ្ឋាភិបាលអាណានិគមអង់គ្លេសរួចស្រេចទៅហើយ។ ពោលគឺវាទំនងជាការ​បកប្រែដោយផ្ទាល់មកជាភាសាអង់គ្លេស ចេញពីឈ្មោះជាភាសាម៉ាឡេស៉ីសម្រាប់កន្លែងនោះ។

គួរជម្រាបថា សព្វថ្ងៃនេះ តំបន់ Chinatown មានវត្តមាននៅគ្រប់ទីកន្លែងជុំវិញពិភពលោក គឺរួមមានទាំងអាហ្រ្វិក, អាមេរិកមិនថាជើង ត្បូង ឬកណ្តាលឡើយ ព្រមទាំងអូស្រ្តាលី អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៉ី ហើយ Chinatown ភាគច្រើន បានក្លាយជាតំបន់រស់នៅ និងតំបន់អាជីវកម្មរបស់ជាតិសាសន៍អាស៉ីចម្រុះតែម្តង ដោយផ្ទុយពីកាលដើមឡើយដែល Chinatown ភាគច្រើនគឺមានតែជនជាតិចិនផ្ទាល់រស់នៅប៉ុណ្ណោះ៕