(ភ្នំពេញ)៖ បន្ទាប់ពីមានការតវ៉ា ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ ជុំវិញករណីផ្ទះរបស់តារាចំរៀងលោក ព្រាប សុវត្ថិ ដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឲ្យផ្លូវរួមតូច និងបានធ្វើរោងអារឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់លោក ធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងទីតាំងខាងលើជាច្រើនគ្រួសាររួចមក នៅពេលនេះ តារាចម្រៀង ព្រាប សុវត្ថិ បានអះអាងថា រូបលោកបានដោះស្រាយ ជាមួយនឹងអាជ្ញាធររួចរាល់ហើយ ក្រោយពីមានការចុះវាស់វែងជាច្រើនដង។
តារាចម្រៀង លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះថា រឿងរ៉ាវដែលប្រជាពលរដ្ឋបានតវ៉ា ចំពោះរូបលោកនោះ គឺបានដោះស្រាយគ្នារួចរាល់យូរមកហើយ អត់មានអ្វីជាបញ្ហាទៀតទេ ហើយបើមានហេតុការណ៍អ្វីផ្សេងទៀតកើតឡើង គឺអាជ្ញាធរ និងសហការជាមួយរូបលោក ដើម្បីដោះស្រាយបន្តទៀត។
ព្រាប សុវត្ថិ និយាយថា «រឿងនេះ យើងបានដោះស្រាយគ្នាពីមុនអស់ហើយ អត់មានអីដែលកកើតឡើងទៀតទេអូន..!។ បើមានអីៗ ខាងអាជ្ញាធរអាចនឹងសួរមកបងហើយ...! ព្រោះបងមានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ត្រឹមត្រូវ...!»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ មន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោងឃ្លាង បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន។
ជាមួយគ្នានេះ លោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ។
មហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានព័ត៌មានថា កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា ដែលកន្លងមកមិនធ្លាប់មានរឿងអាស្រូវទាល់តែសោះ ត្រូវបានប្រជាពលរដ្ឋរហូតដល់ទៅ ៧០គ្រួសារ មកតវ៉ានៅមុខផ្ទះលោក ដោយអះអាងថា លោកបានរំលោភផ្លូវសាធារណៈ និងធ្វើឲ្យរំខានអ្នកជិតខាង។
គួរជម្រាបថា បើតាមការតវ៉ានោះ អ្នកជិតខាងលោក ព្រាប សុវត្ថិ បានស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុច គឺឈប់ឲ្យលោក ព្រាប សុវត្ថិ ធ្វើរបងបំពានលើផ្លូវសាធារណៈ, ឈប់ធ្វើរោងឈើបិទផ្លូវ, ឈប់ចតរថយន្តបិទផ្លូវ គ្មានសណ្ដាប់ធ្នាប់ និងឈប់រោទ៍សំឡេងរថយន្តលាន់ខ្លាំង ដេកពួនមិនបាន។ ប៉ុន្តែរាល់បញ្ហាទាំងអស់នោះ ត្រូវបានសម្របសម្រួលដោះស្រាយគ្នា បញ្ចប់រួចរាល់ហើយ ដោយលោកយល់ព្រមអនុវត្តន៍ ៣ចំណុច ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ ជាមួយបងប្អូនប្រជាពលរដ្ឋ៕