(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Deportivo Alaves ដែលស្ថិតក្នុងលីគកំពូលអេស្ប៉ាញ LaLiga 2019-2020 បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការទូទៅ លោក Asier Garitano ភ្លាមៗ ក្រោយដឹកនាំក្រុមលេងមិនឈ្នះ ៥ប្រកួតជាប់ៗគ្នា បន្ទាប់ពីបើកដំណើរការលីគឡើងវិញ ក្រោយ COVID-19។ នេះបើតាមយោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
រំលឹកផងថា លោក Asier Garitano វ័យ ៥០ឆ្នាំសញ្ជាតិអេស្ប៉ាញ បានចូលមកដឹកនាំក្រុម Alaves កាលពីខែឧសភា ឆ្នាំ២០១៩ លោកបានដឹកនាំក្រុមនេះ ៣៥ប្រកួត ក្នុងនោះឈ្នះ ៩ដង ស្មើ ៨ដង និងចាញ់ ១៨ដង។ ក្លិបបានដំឡើងឋានៈលោក Juan Muniz ជាគ្រូបង្វឹកថ្មីបណ្តោះអាសន្នរហូតដល់ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះ។
Alaves មានតែ ៦ពិន្ទុលើតំបន់ការចេញពីលីគ LaLiga ដោយរកបានតែ ៣៥ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៣៤ប្រកួតមកនេះ។ ៥ប្រកួតចុងក្រោយ ក្រុមនេះបានចាញ់ ២ប្រកួតក្នុងទឹកដី និង ៣ប្រកួតក្រៅដី និងប្រកួតចុងក្រោយចាញ់ក្រុម Real Valladolid ១-០ បន្តឈរនៅលេខរៀងទី១៥ ក្នុងតារាងពិន្ទុ ខណៈលីគ LaLiga នៅសល់តែ ៤ប្រកួតត្រូវបញ្ចប់រដូវកាលនេះ៕