(ពិភពលោក)៖ គេធ្លាប់តែឃើញ និងលឺថា មានសម្ភារជាច្រើនត្រូវបានធ្វើពីមាស ដូចជាខ្សែក ខ្សែដៃ នាឡិកា និងគ្រឿងអលង្ការជាច្រើនទៀតផងដែរ និងជាពិសេសនោះ ធ្លាប់មានបង្គន់មាសមួយ ត្រូវបានបង្កើតឡើង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សម្នាទូទាំងពិភពលោក។
ប៉ុន្តែរឿងអស្ចារ្យមួយទៀតចាប់ផ្តើមធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង នៅពាក់កណ្តាលឆ្នាំ២០២០នេះ គឺមានសណ្ឋាគារលំដាប់ផ្កាយ៥មួយ នៅប្រទេសវៀតណាម ត្រូវបានបង្ហាញរូបរាងឡើង ដែលវាមានការស្រោបដោយមាសសុទ្ធតែម្តង។
យោងតាមការផ្សាយរបស់ Arabnews និងបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀត ដែលអះអាងថា ធ្វើការដកស្រង់ពីបណ្តាញសារព័ត៌មានក្នុងតំបន់ បានឲ្យដឹងថា សណ្ឋាគារមួយនេះចំណាយថវិកា២០០លានដុល្លារអាមេរិក ដើម្បីសាងសង់។
Fresh News Plus សូមបង្ហាញចំណុចសំខាន់ខ្លះៗ ពីសណ្ឋាគារមួយនេះ ជូនប្រិយមិត្តអ្នកអានដូចតទៅ៖
សណ្ឋាគារស្រោបមាសសុទ្ធនេះ ឬតាមភាសាបច្ចេកទេសហៅថាមាសកម្រិត 24K មានឈ្មោះថា Dolce Hanoi Golden Lake ប្រើរយៈពេល១១ឆ្នាំ ដើម្បីសាងសង់ បន្ទាប់ពីចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៩។ សណ្ឋាគារនេះបានចាប់ផ្តើមបើកដំណើរបណ្តោះអាសន្នហើយ ប៉ុន្តែសម្រាប់អ្នកធ្វើពាណិជ្ជកម្មសិន ខណៈគ្រោងនឹងបើកដំណើរជាផ្លូវការ នៅចុងឆ្នាំ២០២០។
គោលបំណងនៃការសាងសង់សណ្ឋាគារនេះឡើង ដើម្បីបង្ហាញថា លើលោកនេះមានតែប្រទេសវៀតណាមទេ ដែលមានសណ្ឋាគារស្រោបមាសដំបូងបង្អស់ ហើយក៏ធ្វើឲ្យប្រទេសនេះ មានសណ្ឋាគារដ៏ស៉ីវិល័យមួយក្នុងតំបន់អាស៉ីផងដែរ។ គ្រប់ទីកន្លែងក្នុងសណ្ឋាគារ សុទ្ធតែត្រូវបានស្រោបដោយមាស រួមទាំង កន្លែងទទួលភ្ញៀវ អាងហែលទឹកដ៏ធំ បន្ទប់ទឹក ក្បាលឈូកងូតទឹក ចានងូតទឹក ចានលាងដៃ បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ អាហារដ្ឋាន និងសូម្បីតែចានបង្គន់។
Dolce Hanoi Golden Lake មានកម្ពស់ ២៥ជាន់ និងមានទំហំសរុប ៥ពាន់ម៉ែត្រការ៉េ ហើយមានបន្ទប់សរុប ៤០០បន្ទប់។ វាត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Hoa Binh Group ដែលមានទីតាំងនៅតំបន់ជនបទមួយកន្លែង ស្ថិតនៅក្នុងស្រុក Ba Dinh ទីក្រុង Hanoi ។ សណ្ឋាគារ ដែលនឹងក្លាយជាអចលនវត្ថុដ៏ថ្លៃបំផុតមួយនេះដែរ នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន American Wyndham Hotels brand។
សូមបញ្ជាក់ថា បើសិនជាស្នាក់នៅសណ្ឋាគារនេះ ១យប់ តម្លៃ២៥០ដុល្លារអាមេរិក កាន់តែពិសេសនោះគេអាចជួលកន្លែងស្នាក់នៅក្នុងសណ្ឋាគារនេះបាន ក្នុងតម្លៃចាប់ផ្តើមពី ៦៥០០ដុល្លារអាមេរិកឡើងទៅ ក្នុង១ម៉ែត្រការ៉េ៕