(បរទេស)៖ មហាសេដ្ឋីលំដាប់ទី២របស់ចិន និងជាមេធំរបស់ក្រុមហ៊ុនលក់ទំនិញយក្ស Alibaba ត្រូវបានមនុស្សស្ទើពេញពិភពលោកបានស្គាល់ឈ្មោះថា «Jack Ma» ខណៈដែលលោកមានឈ្មោះដើមជាភាសាចិនថា «Ma Yun»។ តើលោកអ្នកមានឆ្ងល់ទេថា តើហេតុអ្វីបានជាលោក Jack Ma ហៅខ្លួនឯងថា «Jack» ឬមួយឈ្មោះនេះវាងាយស្រួលចាំ ឬមួយក៏ឈ្មោះនេះល្បីខ្លាំងនៅលោកខាងលិច?
កាលពីលោក Jack Ma នៅក្មេង លោកតែងតែដើរពីផ្ទះមកកាន់តំបន់ Hangzhou ដែលពោរពេញដោយភ្ញៀវទេសចរណ៍បរទេស ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលមកពីលោកខាងលិច។ គោលបំណងរបស់ Jack Ma ដែលមកទីនោះគឺដើម្បីរៀនភាសាអង់គ្លេសជាមួយនឹងភ្ញៀវទេសចរណ៍បរទេសទាំងនោះ ជាថ្នូរនឹងការដើរនាំពួកគេដើរទស្សនាតំបន់នានា។
អំឡុងពេលដែល Jack Ma ធ្វើជាអ្នកនាំភ្ញៀវ គាត់បានស្គាល់ស្រ្តីជាអ្នកទេសចរជនជាតិអាមេរិកាំងម្នាក់ ដោយស្រ្តីនោះបានដាក់ឈ្មោះឲ្យលោក «Jack» ជំនួស Ma Yun។ ការដាក់ឈ្មោះថ្មី ដោយសារស្រ្តីជនជាតិអាមេរិកាំងរូបនោះ ងាយស្រួលហៅ និងជាពិសេសមានឈ្មោះដូចប្តី និងឪពុករបស់គាត់។
ចាប់ពីពេលនោះមក លោក Jack Ma ក៏ចាប់ផ្ដើមមានឈ្មោះជាភាសាអង់គ្លេស និងត្រូវបានគេស្គាល់និងហៅពេញពិភពលោករហូតដល់សព្វថ្ងៃ៕