(មេនឆេស្ទើ)៖ ការប្រកួតបាល់ទាត់សម្រាប់ជើងទី២ នៃពានរង្វាន់អឺរ៉ុប UEFA Champions League របស់ក្លិប Barcelona, Manchester City, Juventus និង Bayern Munich នឹងបន្តធ្វើក្នុងដីរបស់ពួកគេរៀងៗខ្លួនដដែល។
តាមរយៈព័ត៌មានពី All Football បានចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ នេះថា ការប្រកួតបញ្ចប់ជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនឹងធ្វើឡើងឡើងតែ ២ថ្ងៃប៉ុណ្ណោះ ពោលនៅថ្ងៃទី៧-៨ ខែសីហាខាងមុខ ក្រោយសម្រាកអស់ជាង ១០០ថ្ងៃចាប់ពីថ្ងៃទី១១ ខែមីនាមក ដោយសារវិបត្តិនៃជំងឺ Covid-19។
ការប្រកួតរវាងក្រុម FC Barcelona ប៉ះ Napoli, Manchester City ប៉ះ Real Madrid, Juventus ប៉ះ Lyon និង Bayern Munich ប៉ះ Chelsea នឹងបន្តធ្វើឡើងនៅកីឡដ្ឋានរបស់ពួកគេរៀងៗខ្លួនដដែល តែលេងបិទទ្វារកីឡដ្ឋានពុំមានអ្នកទស្សនាផ្ទាល់ឡើយ។
តែសម្រាប់ការប្រកួតវគ្គ ៨ក្រុមរហូតដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ នឹងត្រូវធ្វើឡើងតែ ១ជើង (១ប្រកួត) នៅទឹកដីកណ្តាលនៃប្រទេសព័រទុយហ្គាល់តែ ១គត់ជាមួយនឹងកាលបរិច្ឆេទថ្ងៃទី១២-១៥ លេងវគ្គ ៨ក្រុម, ថ្ងៃទី១៨-១៩ លេងវគ្គ ៤ក្រុម និងផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០៕