(បរទេស)៖ ពាក្យថាសង្គ្រាមមិនថាតូច ឬក៏ធំទេវាតំណាងឱ្យការបាត់បង់ និងទុក្ខវេទនាផ្សេងៗដែលធ្វើឱ្យមនុស្សជាតិមានការខ្លាចរអារគ្រប់ៗគ្នា សង្គ្រាមជាការធ្វើចម្បាំងគ្នា ដើម្បីដណ្តើមអំណាច ហើយក៏មានសង្គ្រាមជាច្រើនបានកើតឡើងដោយសារដណ្តើមទឹកដី រវាងរដ្ឋមួយនឹងរដ្ឋមួយទៀត បន្ថែមពីនេះសង្គ្រាមត្រូវបានបែកចែកជាច្រើន ដូចជាសង្គ្រាមស៊ីវិល ការរើសអើងពូជសាសន៍ សង្គ្រាមសាសនា និងសង្គ្រាមមនោគមវិជ្ជាជាដើម។

នៅក្នុងនោះគេបានរកឃើញថា នៅលើពិភពលោកយើងនេះ មានសង្គ្រាមបង្ហូរឈាមធំៗចំនួន១០ ដែលបានសម្លាប់ជីវិតមនុស្សអស់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្ត របស់មនុស្សជាតិ ជាពិសេសវាបានបន្សល់សោកនាដកម្មសម្រាប់ពិភពលោកទាំងមូលជាដើម។

ចង់ដឹងថាសង្គ្រាមទាំងអស់នោះមានអ្វីខ្លះ កើតឡើងពីឆ្នាំណា ព្រមទាំងបានបញ្ចប់វិញនៅឆ្នាំណា និងបណ្តាលពីមូលហេតុអ្វីសូមតាមដានទាំងអស់គ្នា៖

ទី១៖ សង្គ្រាមលោកលើកទី២ (ឆ្នាំ១៩៣៩-១៩៤៥)

គឺជាសង្គ្រាមសាកលដែលមានការចូលរួមពីសំណាក់ប្រទេសមហាអំណាចជាច្រើន ព្រមទាំងបានបង្កើតជាសម្ព័ន្ធភាពយោធាប្រឆាំង២ ដូចជាសង្រ្គាមលោកលើកទី១ រវាងក្រុមសម្ព័ន្ធមិត្ត (Allies) និងមហាអំណាចអ័ក្ស (Axis)។ សង្គ្រាមលោកលើកទី២នេះ វាជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានការចូលរួមដោយផ្ទាល់ពីជាង ៣០ប្រទេស ថែមទាំងបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាម រហូតដល់បានសម្លាប់ជីវិតមនុស្សជាង ៧០លាននាក់ផងដែរ។ សង្រ្គាមនេះគឺជាសង្គ្រាមប្រល័យលោក ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

ដើមចមនៃដ៏សម្បើមនេះ បានកើតឡើងនៅដើមឆ្នាំ១៩៣៩ ក្រោយពីអាល្លឺម៉ង់ បានចូលឈ្លានពានកាន់កាប់ប្រទេសអូទ្រីស និងឆេកូស្លូវ៉ាគី មហាអំណាចអឺរ៉ុប ដែលឈ្នះសង្រ្គាមលោកលើកទី១ គឺបារាំង និងអង់គ្លេស ក៏ចាប់ផ្តើមភ្ញាក់ដឹងខ្លួនពីមហិច្ឆតា វាតទីនិយមរបស់ហ៊ីត្លែរ។

នៅថ្ងៃទី២២ ខែសីហា សហសូវៀត និងអាល្លឺម៉ង់ ក៏បានចុះកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា ដោយនៅក្នុងនោះមាន ខសម្ងាត់មួយចែងថា នៅក្នុងពេលមានសង្រ្គាម រវាងអាល្លឺម៉ង់ និងប៉ូឡូញ សូវៀត អាចកាត់យកទឹកដីប៉ែកខាងកើតប៉ូឡូញ ព្រមទាំងប្រទេស ៣ នៅជុំវិញសមុទ្របាល់ទិក គឺឡេតូនី លីទុយអានី និងអេស្តូនី យកទៅធ្វើជាទឹកដីរបស់ខ្លួន។ ជោគវាសនារបស់ប៉ូឡូញ ត្រូវបានកំណត់មិនមែន ដោយព្រហ្មលិខិតទេ តែដោយកិច្ចព្រមព្រៀង ហ៊ីត្លែរ-ស្តាលីន។

ហ៊ីត្លែរ បានរៀបចំផែនការឱ្យកងទ័ពអាល្លឺម៉ង់ វាយលុកទៅតាមពីរ មុខសញ្ញាព្រមៗគ្នា ក្នុងគោលដៅចូលកាន់កាប់ទីក្រុងវ៉ាសូវី របស់ ប៉ូឡូញ។ ក៏ប៉ុន្តែហ៊ីត្លែរ នៅត្រូវការលេសសមហេតុសមផលមួយ ដើម្បីអាចចូលឈ្លានពានប៉ូឡូញ។

នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៣៩ កងកុម្មង់ដូអាល្លឺម៉ង់ ក្នុងឯកសណ្ឋានជាទាហានប៉ូឡូញ បានបើកការវាយប្រហារទៅលើទីតាំង មួយចំនួននៅក្នុងទឹកដីអាល្លឺម៉ង់ ក្បែរព្រំដែនជាមួយប៉ូឡូញ។ ហ៊ីត្លែរ បានលេសថាប៉ូឡូញ ជាអ្នកវាយប្រហារលើអាល្លឺម៉ង់ មុនក៏បញ្ជូនទ័ពវាយលុកចូលឈ្លានពានប៉ូឡូញ នៅព្រឹកព្រលឹមថ្ងៃទី១ ខែកញ្ញា។

នៅថ្ងៃទី៣ ខែកញ្ញា បារាំង និងអង់គ្លេស បានដាក់ឱសានវាទឱ្យហ៊ីត្លែរ ដកកងទ័ពចេញពីប៉ូឡូញ។ នៅយប់ថ្ងៃដដែលឱសានវាទត្រូវផុតកំណត់ហ៊ីត្លែរ មិនដកទ័ពបារាំង និងអង់គ្លេស ក៏បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើកទី២ ក៏បានចាប់ផ្ទុះឡើង។

ទី២៖ សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល (ឆ្នាំ១២០៦-១៣៦៨)

សង្រ្គាមនេះបានកើតមានឡើងនៅដើមសត្សវត្សន៍ទី១៣ ដែលជាសង្គ្រាមពង្រីកវិសាលភាពទឹកដី នៃចក្រភពម៉ុងហ្គោល គ្របដណ្តប់ជាច្រើនផ្នែកនៃតំបន់អាស៊ី និងអឺរ៉ុបខាងកើត រហូតដល់ត្រឹមពាក់កណ្ដាលឆ្នាំ១៣០០។ ការវាយប្រហារ និងការឈ្លានពានទឹកដីរបស់ម៉ុងហ្គោល គឺជាជម្លោះដែលមានមនុស្សស្លាប់តាមផ្លូវច្រើនបំផុត គឺរហូតដល់ទៅ៦០លាននាក់។

សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល បានចាប់ផ្តើមឡើងក្រោមការដឹកនាំរបស់អធិរាជ ជិនហ្គីស ខាន់ (Genghis Khan) ដែលឈ្មោះកំណើតថា តេមូឈីន (Temutchin) ជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោល ក្រោមការដឹកនាំរបស់អធិរាជអង្គនេះ ចក្រភពម៉ុងហ្គោល មានទឹកដីលាតសន្ធឹងធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ នៅឆ្នាំ១១៦២ (ឯកសារខ្លះថាឆ្នាំ ១១៥៥) នៅតំបន់ភ្នំ នៃដែនដីម៉ុងហ្គោល មានទារកមួយបានចាប់កំណើតឡើង។ ទារកដែលពេល ធំដឹងក្តីឡើងក្លាយទៅជាមេទ័ព និងអធិរាជដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក គឺជិនហ្គីស ខាន់។

នៅពេលដែល ជិនហ្គីស ខាន់ ចាប់កំណើត និងធំដឹងក្តី ម៉ុងហ្គោល នៅមិនទាន់ក្លាយជាប្រជាជាតិរួបរួមគ្នាមួយនៅឡើយទេ។ ប្រជាជនម៉ុងហ្គោល រស់នៅជាក្រុមកុលសម្ព័ន្ធ ដែលរស់នៅដាច់ៗពីគ្នា ហើយពេលខ្លះធ្វើសង្រ្គាម រវាងគ្នាឯងទៀតផង។ ចាប់តាំងពីសតវត្សរ៍ទី៧ ម៉ុងហ្គោល ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ក្នុងរាជវង្សថាង និងបន្ទាប់មកទៀត ក្រោមការគ្រប់គ្រងរបស់រាជវង្ស លៀវ (Liao)។

នៅឆ្នាំ១២០៦ តេមូឈីន ដែលមានវ័យ៤៤ឆ្នាំ បានក្លាយទៅជាមេដឹកនាំម៉ុងហ្គោល ដែលរួបរួមគ្នាជាប្រជាជាតិតែមួយ គឺចក្រភពម៉ុងហ្គោល។ តេមូឈីន ត្រូវបានគេផ្តល់ងារថ្មីមួយ គឺជិនហ្គីស ខាន់ (មានន័យថាតាមភាសា ម៉ុងហ្គោលថា «ស្តេចចក្រវាល»)។

ឆ្លៀតក្នុងពេលដែលចិន កំពុងធ្លាក់ចុះទន់ខ្សោយ ដោយមានការបែកបាក់ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏បានសម្រេចធ្វើការវាយលុក ទៅលើចិន មុន។ នៅពេលនោះប្រទេសចិន ត្រូវបានបែងចែកជាច្រើន ចំណែកដោយមាននគរធំៗ បី គឺនគរលៀវ (Liao) នៅប៉ែកខាងជើង នគរសៀ (Xia) នៅខាងលិច និងនគរសុង (Song) នៅប៉ែកខាងត្បូង។ ជិនហ្គីសខាន់បាននាំទ័ពម៉ុងហ្គោល ប្រមាណជា៥ម៉ឺននាក់ ឆ្លងព្រំដែនសំដៅទៅវាយលុកចូលក្នុងនគរលៀវ គឺដែនដីចិនប៉ែកខាងជើង។

នៅឆ្នាំ១២១៥ កងទ័ពរបស់ជិនហ្គីស ខាន់ បានបើកប្រតិបត្តិការវាយលុក ទៅលើរាជធានីប៉េកាំង។ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងបានហើយកងទ័ពម៉ុងហ្គោល បានដុតកម្ទេចផ្ទះសម្បែង និងសម្លាប់រង្គាលប្រជាជនស្ទើរតែអស់គ្មានសល់។ ដែនដីចិនខាងជើង ក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោល។

អធិរាជជិនហ្គីស ខាន់ បានបន្សល់ទុកកងទ័ពដ៏ខ្លាំង ពូកែរាប់សិបម៉ឺននាក់ ហើយគិតមកត្រឹមពេលនោះចក្រភពម៉ុងហ្គោលបានកាន់កាប់ទឹកដីដែលលាតសន្ធឹងចាប់តាំង ពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ ទឹកដីនៃចក្រភពម៉ុងហ្គោល មានទំហំធំជាងចក្រភព ម៉ាសេដ្វាន់ របស់អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ ៤ដង ហើយធំជាងចក្រភពរ៉ូមរហូតដល់ទៅ២ដង។

ទី៣៖ សង្គ្រាមលោកលើកទី១ (ឆ្នាំ ១៩១៤-១៩១៨)

គឺជាសង្គ្រាមមួយដែលមានការបង្ហូរឈាមធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានមូលដ្ឋាននៅទ្វីបអឺរ៉ុប ចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ សង្គ្រាមលោកលើកទី១នេះ មានការពាក់ព័ន្ធនឹងមហាអំណាចធំៗទាំងអស់នៅក្នុងពិភពលោក ដែលបានប្រមូលផ្តុំដោយសម្ព័ន្ធមិត្តប្រឆាំង២ គឺពួកសម្ព័ន្ធមិត្ត (alliances the Allies) និងអំណាចកណ្តាល។ ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១នេះ បានសម្លាប់ជីវិតមនុស្សប្រមាណ ១៧លាននាក់ ក្នុងនោះមានទាហាន ១០លាននាក់ និងជនស៊ីវិល ៧លាននាក់។ ចំនួនអ្នករបួសវិញ មានរហូតដល់ទៅប្រមាណជា ២០លាននាក់ ប្រទេសដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ គឺប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង។

មូលហេតុដែលបណ្តាលឱ្យផ្ទុះសង្រ្គាមលោកលើកទីមួយ នៅឆ្នាំ១៩១៤ មានឫសគល់ពីបញ្ហាយ៉ាងច្រើន ដែលកើតមានឡើងតាំងពីរាប់សិបឆ្នាំមុន ដូចជាសង្រ្គាមរវាងបារាំង និងរុស្ស៊ី នៅឆ្នាំ១៨៧០-១៨៧១ ការលេចមុខនៃចក្រភពអាល្លឺម៉ង់ ដែលមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចអាណានិគម ប្រជែងជាមួយនឹងមហាអំណាចអឺរ៉ុប ផ្សេងៗទៀត។

ក៏ប៉ុន្តែ ហេតុការណ៍ដែលជាឆ្នួនដុតបញ្ឆេះសង្រ្គាម គឺកើតចេញពីការលបធ្វើឃាតព្រះអង្គម្ចាស់ ហ្វ៊ែរឌីណង់ ដែលជាទាយាទរបស់ ចក្រភពអូទ្រីស ហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤។ សារ៉ាយេវ៉ូ គឺជាទីក្រុងរបស់បូស្នី ដែលចក្រភព អូទ្រីសហុងគ្រី កាត់យកពីចក្រភពអូតូម៉ង់ មកដាក់ជាខេត្តរបស់ខ្លួនក្រោមក្រសែរភ្នែក ក្តៅក្រហាយរបស់ស៊ែរប៊ី។

ទី៤៖ សង្គ្រាមអធិរាជជប៉ុន (ឆ្នាំ១៨៩៤-១៩៤៥)

អធិរាជជប៉ុន ជាចក្រភពដ៏មានអំណាចមួយក្នុងពិភពលោក (Emperor Meiji) ឆ្នាំ១៨៦៨។ តែក្រោយមកក៏រងការបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោយពីការមានទម្លាក់គ្រាប់បែកបរមាណូកម្ទេចទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី អស់គ្មានសល់ក្នុងសង្គ្រាមលោកលើកទី២ រហូតដល់ប្រកាសការចុះចាញ់ នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ១៩៤៥។ ការរលំរលាយនៃចក្រភពជប៉ុនបានធ្វើឱ្យមានមនុស្សស្លាប់ដល់ទៅជាង ២០លាននាក់។

បើងាកក្រឡេកទៅ៧៦ឆ្នាំ មុនពោលគឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជប៉ុនបានចុះហត្ថលេខាចុះចាញ់សង្គ្រាមលោកលើកទី២ ជាផ្លូវការក្រោយពេលអធិរាជជប៉ុន Hirohito បានប្រកាសចុះចាញ់សង្គ្រាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥។ ការចុះហត្ថលេខាចុះចាញ់របស់ជប៉ុននេះ គឺជាការបិទបញ្ចប់ទាំងស្រុងសង្គ្រាមលោកលើកទី២។

ការប្រកាសចុះចាញ់សង្រ្គាមនេះ គឺក្រោយអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ ចំនួន២គ្រាប់ផ្ទួនៗគ្នា នៅក្រុងចំនួន២របស់ជប៉ុន កាលពីថ្ងៃទី៦ និងថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥។ គ្រាប់បែកទី១៖ ឈ្មោះ Little Boy ត្រូវបានយន្តហោះ B-29 របស់អាមេរិក ទម្លាក់ទៅលើក្រុង ហ៊ីរ៉ូស៊ីម៉ា បណ្តាលឱ្យមនុស្សប្រមាណ១៤ម៉ឺននាក់បានបាត់បង់ជីវិត។ ឯគ្រាប់បែក បរិមាណូទី២៖ ឈ្មោះ Fat Man ត្រូវបានយន្តហោះអាមេរិក ទម្លាក់ទៅលើក្រុងណាហ្គាសាគី បណ្តាលឱ្យមនុស្សពីជិត៤ម៉ឺន ទៅ៨ម៉ឺននាក់ បានបាត់បង់ជីវិតផងដែរ។

ទី៥៖ សង្គ្រាមស៊ីវិលរុស្ស៊ី (ឆ្នាំ១៩១៧-១៩២២)

សង្រ្គាមមួយនេះបានកើតទ្បើងរវាងកងទ័ពក្រហម Bolshevik និងកងទ័ពពណ៌សដែលជាកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹង Bolshevik ។ ដោយកាលពីមុន ចក្រភពរុស្ស៊ី ធ្លាប់បានប្រឈមមុខនឹង សង្រ្គាមពហុបក្សជាមួយនឹងកងទ័ពបរទេសជាច្រើន ដូចជាកងទ័ពសម្ព័ន្ធមិត្ត (Allied Forces) និងកងទ័ពអាល្លឺម៉ង់( pro-Germa) ដែលប្រឆាំងនឹងកងទ័ពក្រហម។ សង្រ្គាមនេះមានរយៈពេលត្រឹមតែ ៥ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែបានបណ្តាលឱ្យមនុស្សជាច្រើនជាង ៧លាននាក់ស្លាប់បាត់បង់ជីវិត។

នៅឆ្នាំ១៩១៧ ក្រោយពីបដិវត្តន៍លើកទី២ ក្នុងរយៈពេលមួយឆ្នាំពួកបូឡាវស៊ីកសង្គមនិយមបានរឹបអូសយកបេះដូងនយោបាយរបស់ប្រទេសរុស្ស៊ី។ ពួកគេបានច្រានចោលរដ្ឋសភាធម្មនុញ្ញដែលជាប់ឆ្នោតដោយភេរវករ និងបានហាមឃាត់នយោបាយប្រឆាំង។ វាច្បាស់ណាស់ថាពួកគេចង់បានរបបផ្តាច់ការ។

ទោះបីជាយ៉ាងណាក៏ដោយនៅតែមានការជំទាស់យ៉ាងខ្លាំងចំពោះពួកប៊ូលូវីកដែលមិនមានយ៉ាងហោចណាស់ពីក្រុមបក្សស្តាំនៅក្នុងកងទ័ព។ នេះបានចាប់ផ្តើមបង្កើតជាក្រុមអ្នកស្ម័គ្រចិត្តពីក្រុមប្រឆាំងនឹង Bolsheviks នៅក្នុង Steubes Kuban ។

នៅខែមិថុនាឆ្នាំ១៩១៨ កងកម្លាំងនេះបានរួចផុតពីការលំបាកយ៉ាងខ្លាំងពីរដូវរងារដ៏ល្បីរបស់រុស្ស៊ី ដោយប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការឃោសនាដំបូងបង្អស់របស់ជនជាតិ Kuban ឬ «ទឹកកកខែមីនា» ដែលជាការប្រយុទ្ធគ្នាបន្តបន្ទាប់គ្នា និងចលនាប្រឆាំងនឹងរណសិរ្សដែលមានរយៈពេលជាងហាសិបថ្ងៃ ហើយបានឃើញមេបញ្ជាការកូន័រលូវ ប្រហែលជាបានប៉ុនប៉ងរដ្ឋប្រហារមួយនៅឆ្នាំ១៩១៧) បានសម្លាប់។ ឥឡូវនេះពួកគេបានស្ថិតនៅក្រោមបញ្ជាការនៃឧត្តមសេនីយ Denikin ។ ពួកគេត្រូវបានគេស្គាល់ថាជា «ជនជាតិស្បែកស» ផ្ទុយនឹងកងទ័ពក្រហមរបស់ពួកបូលីសេវីក។

ទី៦៖ សង្គ្រាមណាប៉ូឡេអុង (ឆ្នាំ១៨០៣-១៨១៥)

សង្គ្រាមណាប៉ូឡេអុង គឺជាសង្គ្រាមដ៏ក្តៅគគុកមួយ ដើម្បីប្រឆាំងនឹងអធិរាជសង្គ្រាមណាប៉ូឡេអុង ដោយក្រុមបះបោរប្រឆាំងចម្រុះ។ សង្គ្រាមនេះផ្តើមដំបូងតាំងពីឆ្នាំ១៧៨៩ ដោយពួកបដិវត្តបារាំង និងបណ្តាប្រទេសដែលត្រូវណាប៉ូឡេអុងវាតទីទឹកដីកន្លងមក ហើយក៏បន្តកាន់តែធំឡើងៗ។ ការពិតមហាអំណាចបារាំងមានកម្លាំងទ័ពក្លាំងក្លាណាស់ ដោយសារតែទ័ពរបស់ណាប៉ូឡេអុងបានវាយដណ្តើមទឹកដីជាច្រើននៅទ្វីបអឺរ៉ុប តែទីបញ្ចប់ចម្បាំងកាន់តែអន់ថយទៅៗក្រោយពីច្បាំងចាញ់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។ ជាទីបញ្ចប់សង្គ្រាមនេះបានសម្លាប់អាយុជីវិតមនុស្សអស់ដល់ទៅជាង ៦លាននាក់កន្លះ។

នៅចន្លោះឆ្នាំ១៨០៩ និងឆ្នាំ១៨១៣ ណាប៉ូឡេអុង បានទទួលតំណែងជារាជានុសិទ្ធិ Grand Duchy of Berge ជំនួសបងប្រុសទ្រង់ Louis Bonaparte។ កងទ័ពបារាំង បានឈ្នះចម្បាំងសមរភូមិនៅ Abensberg, Eckmuhal, Aspern-Essling facuugncuejenseurumutugma មួយទៀត។ ប៉ុន្តែសម័យកាលសន្តិភាពនេះ បានបញ្ចប់នៅឆ្នាំ១៨១២ នៅពេលស្ដេចរុស្ស៊ី Tsar Alexander ប្រឆាំងនឹងណាប៉ូឡេអុង។ សង្គ្រាមបង្ហូរឈាមបានកើតឡើងហើយកងទ័ពបារាំង ទប់ទល់ជាមួយកងកម្លាំងមានសមត្ថភាពមកពីប្រទេសរុស្ស៊ី។

ប៉ុន្តែអាកាសធាតុត្រជាក់ខ្លាំង និងការវាយលុកខ្លាំងក្លារបស់កងទ័ពរុស្ស៊ី បានជះឥទ្ធិពលលើកងទ័ពបារាំង។ កងទ័ពបានចាប់ផ្តើមជាកងជួរមុខមានចំនួនជាង ៦៥០,០០០នាក់ ប៉ុន្តែ នៅទីបំផុតកងទ័ពមិនដល់ ៤០,០០០នាក់ បានឆ្លងកាត់ទន្លេ Berezina ដើម្បីគេចខ្លួន។ Prussia បានចូលរួមជាមួយសម្ព័ន្ធម្ដងទៀតដែលរួមមាន៖ រុស្សី អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់។ បន្ទាប់មកស៊ុយអ៊ែត និងអូទ្រីស ក៏បានចូលរួមជាមួយសម្ព័ន្ធភាពនេះដែរ។ នៅទីបំផុត កងទ័ពបារាំងត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំងមានទំហំទ្វេដងនៅសមរភូមិ ប្រជាជាតិ Battle of Nations 9 ថ្ងៃទី១៦-១៩ តុលា) នៅទីក្រុង Leipzig។ កងទ័ពរបស់ណាប៉ូឡេអុង ត្រូវបានកាត់បន្ថយមកត្រឹម ១០០,០០០នាក់ ទប់ទល់នឹងកងទ័ពសម្ព័ន្ធមិត្តជាងកន្លះលាន។ នេះប្រហែលជាការចាប់ផ្តើម នៃការធ្លាក់ចុះរបស់ស្តេចណាប៉ូឡេអុង។ បរាជ័យចុងក្រោយរបស់ព្រះអង្គ គឺដោយសារស្នាដៃរបស់សេនាប្រមុខ Duke of Wellington និង Gebhard Leberecht von Blucher នៅសមរភូមិ Waterloo ដែលបច្ចុប្បន្នជាប្រទេសបែលហ្សិក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៨១៥។

ណាប៉ូឡេអុង បានជាប់ពន្ធនាគារ ក្រោយមកក៏ត្រូវបាននិរទេសដោយ កងទ័ពអង់គ្លេសទៅកាន់កោះ Saint Helena (ចម្ងាយ ២,៨០០គីឡូម៉ែត្រ ពីមហាសមុទ្រអាត្លង់ទិចខាងត្បូង) ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ១៨១៥។ ខណៈពេលនារទេសជាមួយមន្ត្រីស្មោះត្រង់មួយក្រុមតូច ណាប៉ូឡេអុង និយាយអំពីប្រវត្តិរបស់ទ្រង់ឱ្យមន្ត្រីសរសេរតាម និងរិះគន់អ្នកដែលចាប់បង្ខាំងទ្រង់។ ដោយទ្រង់ព្រះអាពាធជាយូរមកហើយនៅលើកោះ Saint Helena ណាប៉ូឡេអុង បានសោយព្រះទីវង្គតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨២១។ វាចារចុងក្រោយ របស់ទ្រង់គឺ «បារាំង កងទ័ព មេទ័ព ភរិយាឈ្មោះ Josephine»។

ទី៧៖ សង្គ្រាម ៣០ឆ្នាំ (ឆ្នាំ១៦១៨-១៦៤៨)

សង្គ្រាមបង្ហូរឈាមមួយនេះ គឺជាសង្គ្រាមសាសនាដ៏ធំបំផុត ដែលអូសបន្លាយដល់ទៅ៣ទស្សវត្សរ៍ មានរយៈពេលយូរជាងគេបង្អស់ និងជាសង្គ្រាមវិនាសកម្មបំផុតក្នុងប្រវត្តិសាស្រ្តប៉ែកអឺរ៉ុបផងដែរ។ មូលហេតុដំបូងគឺបណ្តាលមកពីកត្តាសាសនា រួមទាំងមូលហេតុមិនច្បាស់លាស់មួយចំនួន ដែលជម្រុញឱ្យវាកាន់តែរីកធំឡើងៗ រហូតដល់ពាក់ព័ន្ធនឹងប្រទេសអំណាចអឺរ៉ុបជាច្រើនចូលរួម (Bourbon-Habsburg) ទាក់ទងនឹងនយោបាយផងដែរ។ ក្នុងសង្គ្រាមនេះបានសម្លាប់អាយុជីវិតមនុស្សដល់ទៅ៨លាននាក់។ ក្នុងនោះរួមមាន២០ភាគរយនៃចំនួនប្រជាជនសរុបរបស់អាល្លឺម៉ង់។ ហេតុនេះហើយ វាត្រូវគេចាត់ទុកជាសង្រ្គាម ដ៏មហាអាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

ជាដំបូងឡើយ វាបានចាប់ផ្តើមជាទម្រង់សង្រ្គាម រវាងរដ្ឋកាន់គ្រឹស្តសាសនាបែបប្រូតេស្តង់ និងរដ្ឋកាន់បែបកាតូលិក នៅក្នុងចក្រភពហូលី រ៉ូមាំង (Holy Roman Empire) ហើយក៏បានវិវត្តបន្តិចម្តងៗរហូតក្លាយជាសង្រ្គាមទ្រង់ទ្រាយធំនៅអឺរ៉ុប ដែលពាក់ព័ន្ធជាមួយមហាអំណាច ភាគច្រើននាសម័យនោះ។ យូរៗទៅសង្រ្គាមនេះ លែងសូវផ្តោតទៅលើសាសនា តែទៅលើការបន្តប្រកួតប្រជែងឥទ្ធិពលគ្នារាជាណាចក្រ បារាំងនិងរាជវង្ស Habsburg ដ៏មានឥទ្ធិពល។

សង្រ្គាមនេះបានផ្ទុះឡើង តាមរយៈការជ្រើសរើសស្តេច Ferdinand ទី២ ជាអធិរាជនៃចក្រភពហូលីរ៉ូមាំង ខណៈទ្រង់កាន់ខាងកាតូលិក ហើយបានព្យាយាម ចង់ឱ្យរដ្ឋនានានៅក្នុងចក្រភពនេះកាន់តែកាតូលិកមួយប៉ុណ្ណោះ គឺមិនចង់ឱ្យមានប្រូតេស្តង់ទេ។ ជាការឆ្លើយតបវិញ ពួករដ្ឋប្រូតេស្តង់នៅអាល្លឺម៉ង់ខាងជើង បានរួមគ្នាបង្កើតចេញជាសហភាពប្រូតេស្តង់ (Protestant Union) ដើម្បីការពារផលប្រយោជន៍ របស់ពួកគេ នៅចំពោះមុខការគំរាមកំហែងរបស់ស្តេច Ferdinand ទី២។

នៅចុងបញ្ចប់ ភាគីទាំងនោះក៏បានចរចាគ្នាលើសន្ធិសញ្ញាសន្តិភាព Peace of Westphalia ឆ្នាំ១៦៤៨ ដើម្បីបញ្ចប់ជម្លោះ។ ក្រោយមកការកើនឡើងនៃឥទ្ធិពលរបស់រាជាណាចក្របារាំង ការកាត់បន្ថយមហិច្ឆតាពួក Habsburg និងការក្លាយជាមហាអំណាចនៃស៊ុយអែត ក៏បានបង្កើតតុល្យភាពអំណាចថ្មីមួយ នៅទ្វីបអឺរ៉ុប។ រីឯសាធារណរដ្ឋហូឡង់ ក៏ត្រូវបានអេស៉្បាញទទួលស្គាល់ឯករាជ្យភាពផងដែរ ក្រោយការធ្វើបដិវដ្តន៍ប្រមាណ៨០ឆ្នាំ ហើយធ្វើឱ្យហូឡង់ឆ្ពោះទៅរកសម័យរុងរឿង Dutch Golden Age។

ទី៨៖ សង្គ្រាមវៀតណាម (១៩៥៥-១៩៧៥)

សង្គ្រាមបងប្អូនរវាងវៀតណាមខាងត្បូង និងវៀតណាមខាងជើង ត្រូវបានគេស្គាល់ថាជាសង្គ្រាមឥណ្ឌូចិនលើកទីពីរ។ ដោយវៀតណាមខាងជើងត្រូវបានគាំទ្រពេញទំហឹងដោយប្រទេសចិន និងប្រទេសកុម្មុយនិស្តមួយចំនួន និងវៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសប្រឆាំងនឹងរបបកុម្មុយនិស្តផ្សេងទៀត។ ជនស៊ីវិលជាង១លាននាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងសង្គមមួយនោះ។

ក្តីសង្ឃឹមអំពីការបង្រួបបង្រួមប្រទេសវៀតណាម កាន់តែត្រូវរលាយសាបសូន្យ នៅឆ្នាំ១៩៥៥ នៅពេលដែលនាយករដ្ឋមន្រ្តីវៀតណាមខាងត្បូង គឺលោក ង៉ូឌិន ហ្សៀម (Ngo Dinh Diem) ដែលជាអ្នកមានគំនិតប្រឆាំងនឹងកុម្មុយនិស្តដ៏ស្រួចស្រាវនោះ បានរៀបចំការបោះឆ្នោតនៅតែក្នុងរង្វង់ទឹកដីវៀតណាមខាងត្បូង។ នៅពេលនោះ ង៉ូ ឌិនហ្សៀម បានបណ្តេញព្រះចៅបាវដាយ ពីអំណាចរួចហើយបង្កើតជារបបសាធារណរដ្ឋមួយឡើងដោយប្រកាសតាំងខ្លួនឯងជាប្រធានាធិបតី។

នៅក្នុងពេលជាមួយគ្នានោះ ចលនាឧទ្ទាមកុម្មុយនិស្ត ស្និទ្ធនឹងវៀតណាមខាងជើង ក៏បានចាប់ផ្តើមរីកដុះដាលឡើងកាន់តែខ្លាំងនៅ ក្នុងទឹកដីវៀតណាមខាងត្បូង គឺចលនាឧទ្ទាម ដែលត្រូវបានគេហៅជាទូទៅថា «វៀតកុង»។ ដើម្បីកុំឱ្យយមានការច្រលំគ្នាគេគួរធ្វើការ បែងចែកឱ្យច្បាស់ថា «វៀតមិញ» គឺចលនាកុម្មុយនិស្ត ដឹកនាំដោយហូជីមិញ ដែលប្រយុទ្ធទាមទារឯករាជ្យពីបារាំង ហើយដែលក្រោយមកបានឡើងកាន់អំណាចនៅវៀតណាមខាងជើង ចំណែកឯវៀតកុង គឺចលនាកុម្មុយនិស្ត ដែលជាក្រុមឧទ្ទាម ស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលកងទ័ពវៀតណាមខាងជើង វាយលុកចូលទៅដល់ជាយក្រុងសៃហ្កន លោកប្រធានាធិបតី ង្វៀន វ៉ាន់ធៀវ បានប្រកាសលាឈប់ពីមុខតំណែងទាំងទឹកភ្នែក មុននឹងលោករត់គេចខ្លួនទៅកោះតៃវ៉ាន់ លោកបានប្រកាសថ្កោលទោសអាមេរិក ថាបានក្បត់វៀតណាមខាងត្បូង បានបោកប្រាស់លោកឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីសដោយសន្យាបន្តផ្តល់ជំនួយយោធាតែមិនគោរពតាម។

នៅថ្ងៃទី២៩ ខែមេសា អាមេរិក បានជម្លៀសមន្រ្តី និងបុគ្គលិកស្ថានទូតទាំងអស់ របស់ខ្លួនចេញពីវៀតណាមខាងត្បូង ហើយមួយថ្ងៃ ក្រោយមកនៅថ្ងៃទី៣០ ខែមេសា ក្រុងសៃហ្កន ក៏ត្រូវធ្លាក់ក្រោមការកាន់កាប់របស់កងទ័ពវៀតណាមខាងជើង ហើយរបបសាធារណរដ្ឋវៀតណាមខាងត្បូង ក៏ត្រូដួលរលំជាស្ថាពរ។

ទី៩៖ សង្គ្រាមសហភាពសូវៀត ក្នុងប្រទេសអាហ្គានីស្ថាន (ឆ្នាំ១៩៧៩-១៩៨៩)

សង្គ្រាមដែលអូសបន្លាសដល់ទៅ១ទស្សវត្សរ៍ របស់ជនជាតិអាហ្គានីស្ថានដឹកនាំដោយសូវៀត ជាមួយនឹងក្រុមបះបោរជាតិចម្រុះមួយនេះ មានឈ្មោះថា Mujahedeen។ ការបង្ហូរឈមដ៏វែងអន្លាយរបស់សង្គ្រាមមួយនេះលើទឹកដីអាហ្គានីស្ថាន ត្រូវបានគេដឹងថា បានសម្លាប់អាយុជីវិតមនុស្សអស់ដល់ទៅ ១.៥លាននាក់។ នៅក្នុងនោះផងដែរ ប្រាក់រាប់សិបពាន់លានសម្រាប់ផ្គត់ផ្គង់សង្គ្រាមមួយនេះ ត្រូវបានគេដឹងថាបានមកពី សហរដ្ឋអាមេរិក​ ចក្រភពអង់គ្លេស ប្រទេសអារ៉ាប់រួម និងប្រទេសដទៃជាច្រើនមួយចំនួនទៀត។

នៅឆ្នាំ១៩៧៩ សហភាពសូវៀត សម្រេចចិត្តសាកល្បងសំណាងរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាគោលដៅនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី។ អ្នកប្រវត្តិសាស្រ្តជាច្រើនជឿជាក់ថានៅទីបញ្ចប់សូវៀត នៅអាហ្វហ្គានីស្ថាន គឺជាគន្លឹះក្នុងការកម្ទេចមហាអំណាចពីរនៃ សង្គ្រាមត្រជាក់។

នៅឆ្នាំ១៩៨៥ ទីក្រុងម៉ូស្គូ កំពុងស្វែងរកយុទ្ធសាស្រ្តចាកចេញ។ ពួកគេបានស្វែងរកការបង្កើនការជ្រើសរើសនិងបណ្តុះបណ្តាលសម្រាប់កងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថាន ដើម្បីផ្លាស់ប្តូរការទទួលខុសត្រូវដល់កងទ័ពក្នុងតំបន់។ ចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៦ ខែសីហាឆ្នាំ១៩៨៨ សូវៀតបានបញ្ចប់ដំណាក់កាលមួយនៃការដកខ្លួនរបស់ពួកគេ។ ការចាកចេញនេះ គឺមានលក្ខណៈសន្តិភាពជាទូទៅចាប់តាំងពីសូវៀត បានចរចាជាលើកដំបូងនូវបទឈប់បាញ់ជាមួយនឹងពួកមេបញ្ជាការមូហ្សាយេដេន នៅតាមបណ្តោយផ្លូវដកប្រាក់។ កងទ័ពសូវៀតដែលនៅសេសសល់បានដកចេញពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨៩។

ប្រជាជនសូវៀតជា ៦០០,០០០នាក់ បម្រើនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានហើយប្រហែល ១៤,៥០០នាក់ត្រូវបានសម្លាប់។ ៥៤,០០០នាក់ផ្សេងទៀតបានរងរបួសហើយ ៤១៦,០០០នាក់ បានរងការឈឺចាប់ដោយសារមានជំងឺគ្រុនពោះវៀន ជំងឺរលាកថ្លើម និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។

ជនស៊ីវិលអាហ្វហ្គានីស្ថាន ប្រមាណ ៨៥០,០០០នាក់ ទៅ ១.៥លាននាក់ បានស្លាប់ក្នុងសង្គ្រាម និងប្រាំទៅដប់លាននាក់ បានភៀសខ្លួនចេញពីប្រទេសជាជនភៀសខ្លួន។ ចំនួននេះតំណាងឱ្យចំនួនមួយភាគបី នៃប្រជាជនក្នុងឆ្នាំ១៩៧៨ ដែលធ្វើឱ្យប៉ាគីស្ថាន និងបណ្តាប្រទេសជិតខាងដទៃទៀតជួបប្រទះ។ ជនជាតិអាហ្វហ្គានីស្ថានចំនួន ២៥.០០០នាក់ បានស្លាប់ដោយសារគ្រាប់មីន ក្នុងអំឡុងពេលសង្រ្គាមហើយគ្រាប់មីនរាប់លានគ្រាប់នៅសល់ពីក្រោយបន្ទាប់ពីសូវៀតបានដកចេញ។

ទី១០៖ សង្គ្រាមស៊ីវិលអាមេរិក (ឆ្នាំ១៨៦១-១៨៦៥)

សង្គ្រាមស៊ីវិលអាមេរិក ត្រូវបានចូលរួមដោយអាមរិចប៉ែកខាងជើង និងអាមេរិចប៉ែកខាងត្បូង ដើម្បីបំបែករដ្ឋទាសករដែលមាននៅក្នុងអាមេរិច។ សង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមបំបែកស្រុក បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល តែបានសម្លាប់អាយុជីវិតមនុស្សជាង១លាននាក់។

សង្រ្គាមស៊ីវិលអាមេរិក ចាប់ផ្ទុះឡើងរវាងរដ្ឋប៉ែកខាងជើង ដែលមានចំនួន២៣រដ្ឋ និងមានប្រជាជនប្រមាណជាង២០លាននាក់ មានកងទ័ពប្រមាណ២លាននាក់ ហើយមានឧស្សាហកម្មជឿនលឿន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទំនើបៗទល់នឹងរដ្ឋប៉ែកខាងត្បូង មានចំនួន១១រដ្ឋ ដែលមានប្រជាជនតែប្រមាណជាង៩លាននាក់ កងទ័ពតែជាង១លាននាក់ ក៏ប៉ុន្តែសម្បូរទៅដោយមេទ័ពដែលពូកែខាងធ្វើសឹកសង្រ្គាម។

គិតត្រឹមឆ្នាំ១៨៦៤ កងទ័ពនៃរដ្ឋខាងជើង មានប្រៀបកាន់តែខ្លាំងលើរដ្ឋខាងត្បូង។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨៦៥ កងទ័ពនៃរដ្ឋសហព័ន្ធខាងត្បូង បានប្រកាសសុំចុះចាញ់ ក៏ប៉ុន្តែ៥ថ្ងៃ ក្រោយមកលោក អាប្រាហាំ លីនកុន ត្រូវបានអ្នកគាំទ្ររដ្ឋប៉ែកខាងត្បូងមួយរូបបាញ់សម្លាប់ នៅពេលលោកកំពុងអង្គុយមើលល្ខោននៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន។

សង្រ្គាមស៊ីវិលអាមេរិក បានអូសបន្លាយពេលជាង ៤ឆ្នាំ ត្រូវបិទបញ្ចប់ ហើយរដ្ឋខាងជើង និងខាងត្បូង ក៏បានរួមគ្នាជារដ្ឋសហព័ន្ធតែមួយដូចពីមុនវិញ។ គិតជាសរុបប្រជាជនអាមេរិក ទាំងនៅរដ្ឋខាងត្បូង និងរដ្ឋខាងជើងជាង១លាននាក់ ត្រូវបាត់បង់ជីវិតពោលគឺ ប្រមាណជា ៣% នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិកនៅពេលនោះ៕