(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២ក្រុមហើយ គឺខេត្តព្រៃវែង និងខេត្តសៀមរាប បន្ទាប់ពីទទួលបានជ័យជម្នះទាំង ២ជើងក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ស្របពេលខេត្តកណ្ដាល បានត្រឹមសោកស្ដាយ ក្រោយចាញ់សៀមរាបដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។

សម្រាប់ខេត្តព្រៃវែង បានរក្សាភាពខ្លាំងរបស់ខ្លួន ដោយបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកោះកុង ៣-០ ក្នុងជើងទី២ នាល្ងាចថ្ងៃទី០៧ ខែកក្កដានេះ ។ ដូច្នេះសរុបលទ្ធផល ២ជើង ខេត្តព្រែវែង បានយកឈ្នះខេត្តកោះកុង ៨-១ ដើម្បីទទួលកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក៏ដូចជាទទួលបានសិទ្ធចូលរួមប្រកួតពានថ្នាក់ជាតិ ជាមួយក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១២ក្លិបផងដែរ ។

ចំណែកខេត្តសៀមរាប មុនទទួលបានកៅអីដូចខេត្តព្រៃវែង ស្ទើរតែរបូសឱកាសទៅហើយ បន្ទាប់ពីខេត្តកណ្ដាល បានវាយបកយកឈ្នះ ៣-១ វិញ ក្នុងជើងទី២ ដែលធ្វើឲ្យលទ្ធផលសរុប ២ជើង ក្រុមទាំងពីរមានគ្រាប់បាល់ស្មើគ្នា ៤-៤ ។ ហេតុនេះ គណៈកម្មការបានកំណត់ឲ្យទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផលខេត្តសៀមរាប ធ្វើសម្រេចជាមួយជ័យជម្នះ ៣-១ ដើម្បីឡើងវគ្គបន្ដ ស្របពេលខេត្តកណ្ដាល បានត្រឹមខកចិត្តប៉ុណ្ណោះ ។

ដោយឡែកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២ក្រុមទៀត នឹងត្រូវប្រកួតកាត់សេចក្ដី នារសៀលថ្ងៃពុធស្អែក រួមមានក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះកំពង់ស្ពឺ ២-០ កាលពីជើងទី១ និងខេត្តកែប ត្រូវធ្វើដំណើរមកតតាំងជាមួយក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ក្រោយដណ្ដើមបានជ័យជម្នះ ៤-៣ ទាំងប្រផិតប្រផើយ កាលពីជើងទី១ ។ ចាំមើលខេត្តណាខ្លះ នឹងឡើងទៅជួបខេត្តព្រៃវែង និងខេត្តសៀមរាប?