(បេឡារុស)៖ សហព័ន្ធបាល់ទាត់បេឡារុស (ABFF) បានបន្តប្រកាសលើក ការប្រកួតលីគ Premier League របស់ខ្លួនទៀត កាលពីថ្ងៃសុក្រ រវាងក្រុម Dynamo Brest និងក្រុម Slutsk ទៅពេលក្រោយវិញ បន្ទាប់ពីក្រុម Dinamo បានបញ្ជាក់ថា កីឡាករមួយចំនួនរបស់ខ្លួន បានឆ្លងវីរ៉ុស COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
ABFF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារថា ការប្រកួតនៅក្នុងទីក្រុង Brest ជិតព្រំដែនជាមួយប្រទេសប៉ូឡូញនឹងធ្វើឡើងវិញនៅថ្ងៃទី១២ ខែសីហាខាងមុខ។
ក្លិប Dynamo បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទថា កីឡាករមួយចំនួន ត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ប៉ុន្តែបដិសេធក្នុងការបង្ហាញពីឈ្មោះនៃកីឡាករដែលឆ្លងវីរ៉ុស។
គិតត្រឹមថ្ងៃអង្គារម្សិលមិញ មានករណីឆ្លងវីរ៉ុស COVID-19 ជាង៦៤,០០០ករណី នៅក្នុងប្រទេសបេឡារុសជាមួយនឹងជាង៤៣០ករណី បានស្លាប់។
គួរបញ្ជាក់ថា សាធារណរដ្ឋ អតីតសហភាពសូវៀតមួយនេះ គឺជាប្រទេសមួយប៉ុណ្ណោះ ក្នុងទ្វីបអឺរ៉ុបដែលមិនបានផ្អាកលីគបាល់ទាត់របស់ខ្លួន ស្របពេលដែលមានការរីករាលដាលនៃវីរ៉ុស COVID-19៕