(ដូហា)៖ ដោយផលប៉ះពាល់ពីការរីករាលដាលនៃវីរ៉ុស COVID-19 គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ នៅប្រទេសកាតានាថ្មីៗនេះ បានធ្វើការអនុវត្តផ្ទៃក្នុង ដើម្បីវាយតម្លៃកម្លាំងការងារបច្ចុប្បន្ន និងពាក់ព័ន្ធក្នុងការគ្រប់គ្រងថវិកា និងការអនុវត្តន៍ប្រតិបត្តិការឲ្យមានប្រសិទ្ធភាពនៅក្នុងផ្នែកមួយនៃការផ្លាស់ប្តូរនេះ។
ដោយជាលទ្ធផល ពួកគេបានសម្រេចធ្វើការកាត់បន្ថយតួនាទីបុគ្គលិកមួយចំនួន ដែលមិនត្រូវការចាំបាច់ផងដែរ។ នេះបើយោងតាម អ្នករៀបចំកម្មវិធីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងដែរថា ទាំងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ទាំងអស់ នឹងត្រូវបើកឲ្យអ្នកដែលត្រូវបានបញ្ឈប់ពីការងារ ស្របទៅតាមច្បាប់ការងាររបស់កាតា។ យ៉ាងណាក៏ដោយ ចំនួនបុគ្គលិកដែលបានបាត់បង់ការងារនោះ មិនមានការបញ្ជាក់ឲ្យដឹងនោះទេ។
ក្រុមហ៊ុន Qatar Airways ដែលជាម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍របស់ FIFA និងស្ថានីយ៍ទស្សន៍ beIN Sports មានមូលដ្ឋាននៅទីក្រុង Doha ដែលទទួលសិទ្ធិផ្តាច់មុខ ផ្សព្វផ្សាយការប្រកួត World Cup នោះ ក៏បានកាត់បន្ថយបុគ្គលិកផងដែរនាពេលថ្មីៗនេះ នៅក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃវីរ៉ុស COVID-19 ដែលបានផ្អាកការធ្វើដំណើរ និងបានបិទព្រឹត្តិការណ៍កីឡា ទាំងស្រុងដូចគ្នា។
កាតា បានបើកពហុកីឡដ្ឋានចំនួន៣ ក្នុងចំណោម៨របស់ខ្លួន ដែលនឹងត្រូវប្រើប្រាស់នៅក្នុងការប្រកួត World Cup ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ខាងមុខ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធប្រមាណ៨៥ភាគរយ ត្រូវបានសាងសង់រួចរាល់៕