(ភ្នំពេញ)៖ កម្ពុជាបានកំណត់កាលបរិច្ឆេទ ត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ រួចហើយ ដោយគ្រោងធ្វើរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣។
ការកំណត់កាលបរិច្ឆេទនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្មីៗ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ការសម្រេចយកកាលបរិច្ឆេទព្រឹត្តិការណ៍ ASEAN Para Games 2023 នេះ ស្របតាមការស្នើរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ពោលគឺនឹងរៀបចំក្រោយចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ រយៈពេល ២សប្ដាហ៍ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបន្ដថា «សម្ដេចពិជ័យសេនា ទៀ បាញ់ បានឯកភាពចំពោះកាលបរិច្ឆេទព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ នៅកម្ពុជា ដែលត្រូវធ្វើក្រោយស៊ីហ្គេមជាង ១០ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ហើយកាលបរិច្ឆេទនេះ ក៏នឹងធ្វើរបាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីសម្រេចជាផ្លូវការផងដែរ»។
ទន្ទឹមជាមួយការកំណត់កាលបរិច្ឆេទហើយនេះដែរ កម្ពុជាមិនទាន់កំណត់ប្រភេទកីឡាជនពិការត្រៀមការប្រកួតនោះទេ តែបើតាមការបញ្ជាក់របស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អាចដាក់កីឡាជនពិការចន្លោះ ១៦ទៅ ១៧ ប្រភេទកីឡាក្នុងការប្រកួត៕