(មីលែន)៖ ការប្រកួតបាល់ទាត់ក្នុងលីគកំពូលអ៉ីតាលី Serie A 2019-2020 នៃសប្តាហ៍ទី៣១ របស់ក្រុមម្ចាស់ផ្ទះ AC Milan បានយកឈ្នះក្រុមកំពូលតារាង Juventus ក្នុងលទ្ធផល ៤-២ បន្ទាប់ពីក្រុមភ្ញៀវបានធ្វើការនាំមុខ ២គ្រាប់មុន ជាមួយនឹង ៣គ្រាប់របស់ Milan ដែលរកបាននោះ គឺប្រើពេលតែ ៥នាទីប៉ុណ្ណោះក្នុងការតាមស្មើក៏ដូចជារកបានជ័យជម្នះមកវិញ។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

Milan ត្រូវបានក្រុមការពារតំណែងជើងឯក Juventus នាំមុខមុននៅតង់ទី១ ធ្វើបានដោយខ្សែបម្រើ Adrien Rabiot និងការបន្ថែមគ្រាប់ទី២ របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅដើមវគ្គទី២ ខណៈត្រឹមរយៈពេលតែ ៥នាទី ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ លោក Stefano Pioli បានព្យាយាមធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Zlatan Ibrahimovic ដោយការស៊ុតប៉េណាល់ទីនៅនាទី៦២ និងមិត្តរួមក្រុម Franck Kessie, Rafael Leao និងគ្រាប់ទី៤ រកបានដោយកីឡាករ Ante Rebic នៅនាទី៨០។

បច្ចុប្បន្នក្រុម AC Milan បានកំពុងតែឈរនៅលេខរៀងទី៥ ៤៩ពិន្ទុបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៣១ប្រកួត មានគម្លាត ១៤ពិន្ទុពីក្រុមកំពូលតារាងទាំង ៤ដែលមានកៅអីលេងពានអឺរ៉ុប Champions League រដូវកាលក្រោយ។

សេះបង្កង់ Juventus នៅបន្តឈរលើកំពូលតារាងដោយមាន ៧៥ពិន្ទុ ហើយនៅសល់តែ ៧ប្រកួតទៀត ត្រូវបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដាច់ក្រុមលេខ២ Lazio ដោយមាន ៦៨ពិន្ទុ ដែលចាញ់ម្ចាស់ផ្ទះ Lecce ២-១ យប់មិញទៀត៕