(ភ្នំពេញ)៖ ទីបំផុតតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ ម្ចាស់បទ «18+» មានចំណងជើងថា «Bae» កញ្ញា យូរី បានសម្រេចចិត្តចាកចេញពីទ្រនំសាន់ដេ ដែលជាផលិតកម្មធ្លាប់កម្សត់កម្រជាមួយគ្នាជិត១០ឆ្នាំ ខណៈផលិតកម្មថ្មី ដែលកំពុងត្រៀមខ្លួនចូលនោះ គឺមិនត្រូវបាន យូរី បង្ហើបប្រាប់ឡើយ។ ការលើកឡើងនេះ ព្រោះតែកញ្ញា យូរី ទុកឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើល ពេលចេញបទដំបូងក្នុងទ្រនំថ្មី នៅខែសីហាខាងមុខនេះ។
តារាចម្រៀង យូរី ម្ចាស់បទ «18+» បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ថា ក្នុងខែកក្កដា នេះ នាងបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ នៅដំណាច់ខែកក្កដានេះហើយ ដោយមិនបន្តកិច្ចសន្យាទៀតទេ ពោលគឺនាងបានចាកចេញពីផលិតកម្ម សាន់ដេ ដើម្បីរកទ្រនំថ្មី ដើម្បីសាងកេរ្តិ៍ឈ្មោះ និងបន្តអាជីពជាតារាចម្រៀង ឲ្យកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត ខណៈផលិតកម្មថ្មី ដែលត្រូវចូលបន្តមិនទាន់បង្ហើបឡើយ។
កញ្ញា យូរី និយាយថា «ចា៎បង! នៅមួយខែហ្នឹងទៀត ខ្ញុំចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេហើយបង.. ហើយខ្ញុំក៏អត់បន្តកិច្ចសន្យាទៀតដែរ គឺខ្ញុំបានសម្រេចចិត្តដើរចេញពីផលិតកម្មសាន់ដេហើយ។ ចំពោះផលិតកម្មថ្មីដែលខ្ញុំនឹងចូលនោះ គឺខ្ញុំទុក Surprise អ្នកគាំទ្រ ព្រោះនៅក្នុងខែសីហាខាងមុខនេះ ខ្ញុំនឹងចេញបទចម្រៀងថ្មី ក្នុងផលិតកម្មថ្មីនោះហើយបង!»។
ជាមួយនឹងការប្រកាសជាផ្លូវការថា ដើរចេញពីផលិតកម្មសាន់ដេនោះ កន្លងទៅថ្មីៗ យូរី ទើបតែចេញបទ «18+» ដែលធ្វើឲ្យមានការគាំទ្រ និងភ្ញាក់ផ្អើល ព្រោះចម្រៀងមួយនោះ មិនស្ថិតក្នុងផលិតកម្ម សាន់ដេ នោះទេ ចំណុចនេះជាមូលហេតុ ដែលនាំឲ្យមានការសង្ស័យថា យូរី នឹងចាកចេញពីផលិតកម្ម សាន់ដេ នៅកាលៈទេសៈណាមួយមិនខាន។ យ៉ាងណាមិញ នៅពេលនេះគឺច្បាស់ការហើយ ដោយ យូរី បញ្ជាក់ថា នឹងដើរចេញពិតប្រាកដមែន។
សូមបញ្ជាក់ថា តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ដោយគិតមកទល់បច្ចុប្បន្ន មានរយៈពេល៧ឆ្នាំ ដែលនាងបានជ្រកក្រោមផលិតកម្ម ដ៏ចំណាស់មួយនេះ។ ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបានផលិតកម្មលើកស្ទួយជួយឲ្យមានបទល្បីៗជាច្រើន។ បទរបស់យូរី ដែលល្បីដំបូងនៅផលិតកម្មនេះ គឺបទ «Honey សំណព្វចិត្ត» និងបទ «សង្សារមួយថ្ងៃសង្សារមួយជីវិត» និង ក្រោយមកទៀតនាងចាប់ផ្ដើមល្បីខ្លាំង ជាមួយប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ មានដូចជាបទ «ចាក់ទឹកដូង» និងបទ «នំប៉័ងប៉ាតេ» ជាដើម៕