(ភ្នំពេញ)៖ លោក ជ័យ សម្បត្តិ អតីតអ្នកប្រដាល់ជើងខ្លាំងជំនាន់លោក នួន សូរិយា និងលោក អូត ភូថង បានសម្ដែងនូវទុក្ខលំបាក និងការខ្វះខាតក្នុងជីវភាពជាខ្លាំង បន្ទាប់ពីលោកបោះបង់អាជីពមួយនេះ គ្រាដែលបច្ចុប្បន្ន លោកកំពុងស្វែងរកជំនួយពីសប្បុរសជន ព្រោះចង់បើករបរផ្ទាល់ខ្លួនតូចមួយ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃសម្រាប់ជីវិតចុងក្រោយរបស់ខ្លួន។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Fresh News Plus កាលពីថ្មីៗនេះ លោក ជ័យ សម្បត្តិ បានរៀបរាប់ថា លោកបានចូលនិវត្តន៍ពីអាជីពប្រដាល់នៅឆ្នាំ២០១៣ ដោយបន្សល់នូវរបួសបាក់ឆ្អឹងជំនី បាក់ក្ដោងច្រមុះ និងឆ្អឹងដងកាំបិតមកទល់បច្ចុប្បន្ន។ ក្រោយឈប់ឡើងសង្វៀន លោកបានរៀនធ្វើជាងម៉ូតូ និងជាងផ្សា តែដោយត្រូវការថវិកាទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ក្រោយរៀនបាន ៣ខែ ក៏សម្រេចចិត្តធ្វើការងារជាសន្ដិសុខវិញ។
រយៈពេលជាង ៥ឆ្នាំ លោកបានធ្វើការជាសន្ដិសុខ ដោយទទួលបានប្រាក់ខែចន្លោះពី ២០ដុល្លារ ដល់ ១៣០ដុល្លារ តែដោយស្នាមរបួសធ្វើទុក្ខពេក លោកក៏សុំគេសម្រាក។ បន្ទាប់មកលោកក៏ស្វែងរកការងារធ្វើបន្ដដែរ តែពុំមានអ្នកទទួលឡើយ។ មកទល់ពេលនេះ លោកអត់ការងារធ្វើជាង ១ឆ្នាំមកហើយ និងធ្វើឲ្យលោកជួបបញ្ហាជីវភាពកាន់តែខ្លាំងឡើងៗ ទើបបង្ខំចិត្តស្វែងរកជំនួយពីសប្បុរសធម៌ មកដោះស្រាយបញ្ហាជីវភាព។
បុរសវ័យ ៤២ឆ្នាំខាងលើនេះបានបន្ដថា «ដោយសារជីវភាពខ្ញុំសព្វថ្ងៃធ្លាក់ឌុនដាបខ្លាំង ខ្ញុំសូមឲ្យសប្បុរសជន ពួកគាត់ជួយខ្ញុំតាមលទ្ធភាព ហើយបើអាចខ្ញុំចង់បានដើមទុនបន្ដិចបន្ទួច សមល្មមអាចបើករបរដែលខ្ញុំចេះ គឺធ្វើជាងម៉ូតូ ពិសេសគឺថង់ខ្យល់ និងថវិកាខ្លះ សម្រាប់ប្រកបរបរប៉ះកង់ ធ្វើម៉ូតូ និងជាងផ្សា ដែលខ្ញុំធ្លាប់រៀន។ ខ្ញុំសូមលើកដៃឲ្យសប្បុរសជនជួយ ព្រោះនេះជាបំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា នឹងអាចបើករបរនេះបាន ហើយរកប្រាក់ចិញ្ចឹមជិវិតដោយខ្លួនឯង»។
គួរដឹងថា ជ័យ សម្បត្តិ បានប្រឡូកអាជីពគុនខ្មែរដំបូងនៅឆ្នាំ១៩៩៨ ក្រោយឈប់រៀនត្រឹមថ្នាក់ទី៨។ នៅឆ្នាំ២០០០ សម្បត្តិ បានវាយឈ្នះពិន្ទុអតីតខ្លាចាស់កំពូលល្បិច នួន សូរិយា និងធ្លាប់គ្រងជើងឯកខ្សែក្រវាត់ថ្នាក់ជាតិ ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមទៀតផង។ បន្ទាប់មក លោកត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងជាច្រើនដូចជា អូត ភូថង, ជ័យ កុសល និង វោយ សុធុន ជាដើម មុនលោកឈប់ឡើងប្រកួតតាមប៉ុស្ដិ៍ទូរទស្សន៍នៅឆ្នាំ២០០៨ ហើយឈប់ដើរប្រកួតក្នុងកម្មវិធីតាមខេត្ត នៅឆ្នាំ២០១៣។
ចំពោះសប្បុរសជន ដែលមានបំណងចូលរួមឧបត្ថម្ភដល់អតីតអ្នកប្រដាល់គុនខ្មែរ ជ័យ សម្បត្តិ សូមទំនាក់ទំនងលេខទូរស័ព្ទសាមីខ្លួនផ្ទាល់ 097 63 64 255 និង 098 44 70 71៕