(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង ចូលចិត្តបញ្ចេញភាពសិចស៊ីដើមទ្រូងមូលក្បំ កញ្ញា រតនៈ ពិសី ក្រោយពីការងារសិល្បៈស្ងប់ស្ងាត់ ព្រោះតែកូវីដ១៩វាយលុកមក ក៏ស្រាប់តែនៅសុខៗ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយបានរៀបចំពិធីឡើងវិឡាថ្មី តម្លៃប្រមាណជាង៣០ម៉ឺនដុល្លារ ស្ថិតនៅក្នុងបុរីអង្គរភ្នំពេញ នាយប់ថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២០ ខណៈការអញ្ជើញភ្ញៀវចូលរួមគឺមានតែអ្នកជិតស្និទ្ធប៉ុណ្ណោះ។
ស្រីស្រស់ រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតរូបនាង និងក្រុមគ្រួសារ គឺបានរៀបចំពិធីឡើងផ្ទះថ្មីនោះមែន ប៉ុន្តែមិនបានធ្វើឲ្យធំដុំមានភ្ញៀវរាប់រយតុនោះទេ ពោលគឺធ្វើជាលក្ខណៈស្ងប់ស្ងាត់ ជួបជុំតែអ្នកជិតស្និទ្ធ និងបងប្អូនប៉ុណ្ណោះ។ ពិសី បន្តថា វិឡាដែលមានតម្លៃជាង៣០ម៉ឺនដុល្លារនោះ គឺនាងទិញក្នុងដំណាក់កាលបង់ខ្លះ និងបង់រំលោះខ្លះ មិនយកលុយទាំងដុំទៅទិញនោះទេ។
រតនៈ ពិសី និយាយថា «ច៎ាបង..! ផ្ទះហ្នឹងខ្ញុំទើបតែចូលនៅទេបង..! យើងចង់បានផ្ទះធំ មានអីបង មានតែបង់រំលោះគេខ្លះអ៊ីចឹងហើយ បើមិនអ៊ីចឹងទេ បានផ្ទះធំឯណារស់នៅបង.?»។ នៅពេលសួរថា ពិសី មានគូស្នេហ៍ជាមន្រ្តីធំ តើចំពោះវីឡាដ៏ស្កឹមស្កៃនេះ មានការឧបត្ថម្ភជ្រោងជ្រែងពីគាត់ដែរឬយ៉ាងណា? រតនៈ ពិសី បានឆ្លើយថា តាមការពិតការទិញវិឡានេះ គឺជាកម្លាំងញើសឈាមរបស់រូបនាងផ្ទាល់ ព្រោះជាការបង់រំលោះ ខណៈដែលគូស្នេហ៍ក៏បានជួយជ្រោមជ្រែង និងលើកទឹកចិត្តនាងរហូតមក ពោលគឺធ្វើយ៉ាងណាឲ្យតែនាងពេញចិត្ត និងសម្រេចតាមបំណងប្រាថ្នា គឺគូស្នេហ៍យល់ស្របតាមទាំងអស់៕