(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ និងខេត្តកែប បានឡើងបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ ហើយ ក្រោយរក្សាលទ្ធផលល្អរៀងៗខ្លួន ក្នុងជំនួបកាត់សេចក្ដីជើងទី២ នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។
សម្រាប់ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ខេត្តត្បូងឃ្មុំ បានប្រកួតស្មើក្រុមភ្ញៀវខេត្តកំពង់ស្ពឺ ១-១ ក្នុងជើងទី២ តែដោយសារកាលពីជើងទី១ ខេត្តត្បូងឃ្មុំ បានទទួលជ័យជម្នះក្រៅដី ២-០។ ដូច្នេះសរុបលទ្ធផល ២ជើង ពួកគេបានយកឈ្នះខេត្តកំពង់ស្ពឺ ៣-១ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី។
ចំណែកខេត្តកែប បានបំបែកកំណត់ត្រាឆ្នាំចាស់ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង បន្ទាប់ពីបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ២-១ ក្នុងជើងទី២ ។ ដូច្នេះសរុបលទ្ធផលប្រកួត ២ជើង ខេត្តជាប់មាត់សមុទ្រនេះ បានយកឈ្នះខេត្តកំពង់ឆ្នាំង ៦-៤ ដើម្បីឡើងវគ្គបន្ដជាមួយខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តសៀមរាប ។
ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ នឹងធ្វើឡើង ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ដោយជើងទី១ នឹងប្រកួតនៅថ្ងៃទី១៥ ខែកក្កដា ក្នុងនោះខេត្តសៀមរាប ត្រូវជួបខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ប៉ះខេត្តកែប ។ ឯជើងទី២ ប្រកួតនៅថ្ងៃទី២២ ខែកក្កដា ដោយប្ដូរទឹកដីខេត្តព្រៃវែង ជួបខេត្តសៀមរាបវិញ និងខេត្តកែប ត្រូវបើកទ្វារផ្ទះទទួលខេត្តត្បូងឃ្មុំវិញម្ដង ។
គួរដឹងថា ក្រុមទើបដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងលើ ក្រៅពីមានឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្នាក់ខេត្ត ក្រុមទាំង ៤ ក៏ទទួលបានសិទ្ធចូលរួមប្រកួតពានថ្នាក់ជាតិ ជាមួយក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១២ក្លិបផងដែរ លើកលែងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមិនចូលរួមប្រកួត៕