(តូក្យូ)៖ ការប្រកួតប្រជែងជើងឯកនៃកីឡាវាយកូនឃ្លីលេីតុ (ប៉េប៉ុង) Japan Open Table Tennis 2020 នៅប្រទេសជប៉ុន ត្រូវបានលុបចោលជាផ្លូវការហើយក្រោយពីការសម្រេចរបស់សមាគមកីឡាវាយកូនឃ្លីលើតុជប៉ុន (JTTA) នឹងអង្គភាពគ្រប់គ្រង ITTF ដោយបញ្ហានេះកើតឡើងដោយសារវិបត្តិ COVID-19 ដែលបានឲ្យដឹងនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។នេះបើតាមការឲ្យដឹងព័ត៌មានស៊ិនហួនៅថ្ងៃនេះ។
មុនឈានដល់សម្រេចលុបចោលនេះការប្រកួតដែលត្រៀមធ្វើឡើងនាអំឡុងថ្ងៃទី២១-២៦ ខែមេសា ឆ្នាំ២០២០ ត្រូវបានពន្យារពេលជាបណ្តោះអាសន្នដោយសារតែ COVID-19 ខណៈគណៈកម្មការទាំងពីរបានកំពុងតែធ្វើការរួមគ្នាដើម្បីស្វែងរកកាលបរិច្ឆេតថ្មីសម្រាប់កម្មវិធីប្រកួតនៅចុងឆ្នាំខាងមុខនេះ គ្រាដែលត្រៀមធ្វើឡើងនាទីក្រុង Kitakyushu។
ច្បាប់រឹតបន្តឹងក្នុងការធ្វើដំណើររបស់ជប៉ុន ជាហេតុផលពិបាកស្វែងរកពេលវេលាប្រកួតក្នុងឆ្នាំ២០២០នេះ ខណៈមានកម្មវិធីប្រកួតជាង ៣០ត្រូវបានលុបចោលចាប់តាំងពីខែកុម្ភៈ ហើយព្រឹត្តិការណ៍ដែលត្រៀមធ្វើឡើងនាខែសីហា ក៏ត្រូវបានពន្យារពេលដែរ។
ក្នុងនោះព្រឹត្តិការណ៍ World Team Table Tennis Championships ដែលគ្រោងធ្វើឡើងនៅទីក្រុងប៊ូសាន ក៏ត្រូវបានលើកទៅឆ្នាំ២០២១ ផងដែរ ហើយគណៈកម្មការ ITTF នឹងប្រជុំស្វែងរកកាលបរិច្ឆេទថ្មីនៃការប្រកួតខាងលើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ខណៈការប្រកួតផ្នែកបរុសនឹងផ្នែកនារី ក៏កំពុងសិក្សាអំពីស្ថានការណ៍ផងដែរ៕