(ភ្នំពេញ)៖ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បាននិយាយទាំងអួលដើមក ក្រោយជួបរឿងមិនគួរជឿក្នុងឆាកជីវិត គឺការប្រកួតបាល់ទាត់ដ៏កម្សត់ ដែលគ្មានអ្នកទស្សនា។ ការសម្ដែងអារម្មណ៍ក្ដុកក្ដួលនេះ ក្រោយលីគកំពូលកម្ពុជា ដំណើរការការប្រកួតឡើងវិញ កាលពីចុងសប្ដាហ៍កន្លងទៅ តែត្រូវធ្វើឡើងដោយបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ឡើយ។
លោកស្រីលើកឡើងថា «យើងទើបតែមានការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅ។ ខណៈនោះ ខ្ញុំគឺជាអ្នកទស្សនាម្នាក់ដែរ តែពិតជាមិនគួរឲ្យជឿសោះ ក្នុងឆាកជីវិត វិស័យបាល់ទាត់ ឬក៏ខ្ញុំធ្លាប់មើលបាល់ទាត់កន្លងមក គឺគួរឲ្យកម្សត់ មានអារម្មណ៍ថា ស្ងាត់ជ្រងំ មិនមែនដូចជាវិស័យបាល់ទាត់អញ្ចឹង ដែលទាត់គ្មានទស្សនិកជនចូលរួម ហើយក៏សូមសរសើរដល់កីឡាករទាំង ២ក្រុម ដែលគាត់ខំប្រឹង ខំប្រឹងទាត់ ដើម្បីទស្សនិកជន ដើម្បីអ្នកគាំទ្ររបស់យើង ទោះបីអត់មានទស្សនិកជនចូលមកផ្ដល់កម្លាំងចិត្តក៏ដោយ»។
លោកស្រីបន្ដថា «ខ្ញុំទើបតែដឹង ទោះបីខ្ញុំជាប្រធានក្លិប ខ្ញុំក៏ត្រូវការកម្លាំងចិត្តដែរ ។ ថ្ងៃហ្នឹងខ្ញុំមើលខ្លួនឯង មានអារម្មណ៍ត្រូវការកម្លាំងចិត្តដូចគ្នា ចុះទម្រាំកីឡាករ គាត់កំពុងតែប្រកួតហត់ ពេលក្រឡេកមកខាងលើអត់មានអ្នកចូលរួមទស្សនា? ដូច្នេះហើយខ្ញុំយល់អារម្មណ៍ហ្នឹងច្បាស់ ត្រូវការមែនទែន ទស្សនិកជនចូលរួមគាំទ្រ គិតមិនដល់ថា ក្នុងពិភពលោករបស់យើងមានរឿងហេតុកើតឡើងអញ្ចឹង ។ ពិតជាគួរឲ្យសោកស្ដាយមែនទែន សង្ឃឹមថា យើងទាំងអស់គ្នា នឹងឆ្លងផុតនូវវិបត្តិដ៏លំបាកមួយនេះ»។
ក្នុងកាលៈទេសៈនេះដែរ លោកស្រី ពុធ ធីតា ក៏បានបង្ហើបពីការតស៊ូដឹកនាំក្លិបទាំងត្រដាបត្រដួស ក្រោយរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារកូវីដ-១៩ ដ្បិតត្រូវការចំណាយខ្ពស់ ។ ជាក់ស្ដែងទោះបីការប្រកួតដំណើរការឡើងវិញ តែដោយគ្មានអ្នកទស្សនា ក្លិបក៏គ្មានចំណូលដែរ មានតែការចំណាយ ។ ហេតុនេះហើយ ទើបក្លិបឈានដល់ការសម្រេចកាត់បន្ថយការចំណាយលើកីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដើម្បីទ្រទ្រង់ក្លិបឲ្យមានស្ថេរភាព ព្រោះលោកស្រីមិនចង់បោះបង់ក្លិប ដោយសារវិបត្តិនេះឡើយ។
លោកស្រីសង្កត់ធ្ងន់ថា «ខ្ញុំពិតជាមិនចង់គិតថា ដោយសារកូវីដ យើងលះបង់មិនធ្វើក្លិបនោះទេ ។ ពិតជាលំបាកណាស់ បើសិនជាយើងលះបង់ក្លិប តើបុគ្គលិកប៉ុន្មានអ្នក ត្រូវអត់ការងារធ្វើ? តើអ្នកគាំទ្រយើងទាំងអស់ គាត់ខូចចិត្ត ឈឺចាប់យ៉ាងណា? ខ្ញុំធ្លាប់ជាអ្នកគាំទ្រម្នាក់ បើសិនជាក្លិបដែលខ្ញុំគាំទ្រ គាត់ក្ស័យធុន ឬក៏គាត់ផ្អាកឲ្យខ្ញុំទៅគាំទ្រក្លិបគេផ្សេង ខ្ញុំជឿថា ធ្វើអត់បានទេ»។
«បញ្ហាកូវីដ ឥលូវនេះវាបានកើតឡើងទៅហើយ យើងអត់អាចថា ដោយសារកូវីដ យើងលះបង់ក្លិប ឬយ៉ាងណានោះទេ? ខ្ញុំគឺជាមនុស្សម្នាក់ ដែលចូលក្នុងវិស័យនេះ ដោយសារស្រលាញ់ចេញពីបេះដូង ស្រលាញ់ខ្លាំង តាំងពីក្មេង ។ អរគុណដល់ក្រុមការងារ គ្រូបង្វឹក និងកីឡាករទាំងអស់ ហើយក៏អរគុណដល់អ្នកឧបត្ថម្ភរបស់យើង ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច តែពួកគាត់នៅតែគាំទ្រយើង ហើយក៏អរគុណដល់អ្នកឧបត្ថម្ភផ្សេងៗទៀត ដែលដកខ្លួន ព្រោះយើងបានយល់នូវកាលៈទេសៈ គាត់ជួបវិបត្តិដូចគ្នា» ។ លោកស្រីបន្ថែម ។
យ៉ាងណាមិញលោកស្រី រំពឹងថា ថ្នាក់ដឹកនាំក្លិប គ្រូបង្វឹក កីឡាករ និងក្រុមការងារទាំងអស់ នឹងពួតដៃគ្នា ដើម្បីជម្នះឧបសគ្គមួយនេះ ហើយឆ្លងឲ្យផុតជំងឺកូវីដ-១៩ ។ ម្យ៉ាងវិញទៀត លោកស្រីមានសុទិដ្ឋិនិយម នៅថ្ងៃមួយ ជំងឺដ៏កាចសាហាវនេះ នឹងរលាយបាត់ទៅវិញ ហើយការប្រកួតនឹងត្រឡប់ទៅរកសភាពធម្មតា ហើយអ្នកគាំទ្រនឹងអាចចូលទស្សនាការប្រកួតបានធម្មតាឡើងវិញ ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករ និងបន្ដចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាបន្ថែមទៀត៕