(ក្រុងឡុងដ៍)៖ មានកីឡាករចំនួន៦នាក់ ក្នុងចំណោម១០នាក់ ដែលត្រូវបានគេរកឃើញលទ្ធផលវិជ្ជមាន នៃវីរ៉ុស COVID-19 ក្នុងចំណោម ៨០៤ករណីពីការធ្វើតេស្តនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំព្រឹត្តិការណ៍បាល់ឱប English Premiership របស់អង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

ការប្រកួតបាល់ឱបនៅអង់គ្លេស ត្រូវបានផ្អាកទាំងស្រុងកាលពីខែមីនា ដើម្បីជាវិធានការទប់ស្កាត់ពីការឆ្លងរីករាលដាល នៃវីរ៉ុស COVID-19 ប៉ុន្តែបណ្តាក្លិបនៅ Premiership ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមហ្វឹកហាត់ឡើវិញនៅសប្តាហ៍នេះ។

«កីឡាករ និងបុគ្គលិកក្លិបដែលបានឆ្លងវីរ៉ុស និងអ្នកដែលជិតស្និទ្ធជាមួយពួកគេ ឥឡូវនេះត្រូវរស់នៅដាច់ដោយឡែកមួយរយ: ជាមួយនឹងការវាយតម្លៃ ស្របទៅតាមគោលការណ៍ដែលព្រមព្រៀង ដោយទីភ្នាក់ងារសុខភាពសាធារណៈរបស់អង់គ្លេស» នេះបើតាម English Premiership បានបញ្ជាក់។ មិនមានព័ត៌មានលម្អិតនោះទេ ថាតើកីឡាករ ឬក៏បុគ្គលិកក្លិបមួយណាដែលបានឆ្លងវីរ៉ុសនោះ។ មនុស្សចំនួន៤នាក់ទៀត ដែលគេរកឃើញថា បានឆ្លងវីរ៉ុស COVID-19 គឺជាបុគ្គលិកក្លិប។

គួរបញ្ជាក់ថា លីគបាល់ឱប English Premiership ដែលនៅសេសសល់ការប្រកួតចំនួន៩ជុំទៀតនោះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការប្រកួតឡើងវិញ នៅថ្ងៃទី១៤-១៦ ខែសីហាខាងមុខ៕