(បូលីវី)៖ អ្នកចាំទីលំដាប់អន្តរជាតិរបស់ប្រទេសបូលីវី កីឡាករ Carlos Lampe បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ចំពោះការគាំទ្ររបស់ពួកគេ បន្ទាប់ពីបានជាសះស្បើយពីជំងឺឆ្លង COVID-19។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៨ ខែកក្កដា។

កីឡាករ Lampe បានប្រាប់ថា ភរិយារបស់លោក ក៏បានជាសះស្បើយ ពីជំងឺនេះផងដែរ ហើយថាពួកគេទាំងពីរនាក់បានជួបជុំគ្នាវិញ ជាមួយនឹងកូនស្រីទាំងពីរ បន្ទាប់ពីបានរស់នៅដាច់ដោយឡែកដោយខ្លួនឯង។

កីឡាករ Lampe វ័យ៣៣ឆ្នាំ និងភរិយារបស់លោកត្រូវបានគេរកឃើញថា បានឆ្លងវីរ៉ុស COVID-19 នៅថ្ងៃទី២៤ ខែមិថុនា ហើយបានបង្ខំឲ្យពួកគេទាំងពីរ ធ្វើការរស់នៅដាច់ដោយឡែកពីគេ នៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅទីក្រុង Santa Cruz ភាគខាងកើតប្រទេសបូលីវី។

អតីតកីឡាកររបស់ក្លិប Boca Juniors រូបនេះ ត្រូវបានជ្រើសរើសក្នុងចំណោម ៣៣នាក់ សម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបូលីវី។ Carlos Lampe គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករមួយចំនួន ស្ថិតក្នុងក្រុមកំពូលរបស់បូលីវី ដែលត្រូវបានគេធ្វើតេស្តឃើញវិជ្ជមាននៃវីរ៉ុសឆ្លង COVID-19។

បូលីវី បានរាយការណ៍ករណីឆ្លង វីរ៉ុស COVID-19 ជាង៤០,០០០ករណី និងជាង១,៤៧០ករណីបានស្លាប់៕