(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសអំពីការធ្វើកំណែទម្រង់គ្រូបង្វឹក និងក្រុមជម្រើសជាតិ ដោយបែងចែកជា ៣ផ្នែកដូចៗគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែខ្លាំង និងសម្រួចទិសដៅឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការបង្ហាញយុទ្ធសាស្ដ្រកំណែទម្រង់ថ្មីនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ដឆ្នាំ២០២០ និងសម្ពោធស្នាក់ការរបស់សហព័ន្ធ នៅក្នុងពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី០៨ ខែកក្កដាម្សិលមិញ ក្រោមវត្តមានលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាផ្ទាល់តែម្តង។

លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ចំពោះកំណែទម្រង់គ្រូបង្វឹក នឹងត្រូវបែងចែកជា ៣កម្រិត ទី១-គ្រូកម្រិត-A និងទី២-គ្រូបង្វឹកកម្រិត-B ដែលជាគ្រូក្របខណ្ឌថ្នាក់ជាតិ។ រីឯទី៣-គ្រូបង្វឹកកម្រិត-C ជាគ្រូក្របខណ្ឌថ្នាក់ក្រោមជាតិ។ ប៉ុន្ដែត្រូវឆ្លងកាត់ការប្រឡង និងមានលិខិតសម្គាល់ត្រឹមត្រូវ ទើបអាចស្នើសុំក្របខណ្ឌគ្រូបង្វឹកទាំង ៣កម្រិតខាងលើបាន។

ដោយឡែកក្រុមជម្រើសជាតិវិញ ត្រូវបែងចែកជា ៣ផ្នែកដូចគ្នា ទី១-ក្រុមជម្រើសជាតិថ្នាល ទី២-ក្រុមជម្រើសជាតិយុវជន និងទី៣-ក្រុមជម្រើសជាតិបុរស និងនារី ដោយរក្សាសមាសភាពសរុប ៥១នាក់ដដែល គ្រាន់តែបន្ថែមផ្នែកជម្រើសជាតិយុវជន។ ការបែងចែកបែបនេះ ព្រោះសហព័ន្ធចង់ពង្រឹងប្រសិទ្ធភាពអភិវឌ្ឍន៍ និងសមត្ថភាពកីឡាករ-កីឡាការិនី មុនឆ្លងពីកម្រិតថ្នាល ទៅកម្រិតយុវជន និងពីកម្រិតយុវជន ទៅក្រុមធំ។

ទន្ទឹមជាមួយការបែងចែកកម្រិតគ្រូនេះដែរ សហព័ន្ធក៏នឹងរៀបចំសៀវភៅបច្ចេកទេសគ្រូ និងបើកវគ្គបណ្ដុះបណ្ដាលទៅតាមកម្រិតនីមួយៗ ដើម្បីបង្កើនធនធានចូលរួមអភិវឌ្ឍន៍កីឡាប៉េតង់កម្ពុជា ទៅគ្រប់រាជធានី-ខេត្តឲ្យមានប្រសិទ្ធភាព ហើយចម្រាញ់បានធនធានកីឡាករ-កីឡាការិនីមានសមត្ថភាពកាន់តែច្រើន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សុខ សប្បាយណា៕