(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានឲ្យដឹងថា កីឡាករ Mohamed Salah នឹងឈ្នះស្បែកជើងមាសនៅ Premier League ជាថ្មីម្តងទៀតនារដូវកាលនេះ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា LiveScore បានចេញផ្សាយថា Salah រកបាន ២គ្រាប់បាល់ក្នុងជំនួបដែល Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Brighton & Hove Albion ក្នុងលទ្ធផល ៣-១ នារាត្រីថ្ងៃពុធដែលធ្វើឲ្យក្រុមជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះ កើនពិន្ទុដល់ ៩២ពិន្ទុគិតត្រឹម ៣៤សប្តាហ៍មកនេះ។
គួររំលឹកផងថា ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបខាងនេះធ្លាប់បានឈ្នះស្បែកជើងមាស Golden Boot ២ដងនៅ Premier League រួចមកហើយ និងចែករំលែកកាលពីរដូវកាលមុនជាមួយមិត្តរួមក្រុម Sadio Mane និង Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal ទៀតដែរ ក្នុងនាមស៊ុតបានគ្រាប់ច្រើនស្មើគ្នាទាំង ៣នាក់តែម្តង។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បានថ្លែងថា «ពានរង្វាន់ស្បែកជើងមាសនេះ គឺជាការលើកទឹកចិត្តម្តងទៀតសម្រាប់ Salah ដែលរកបាន ១៩គ្រាប់ក្នុងរដូវកាលនេះ ដេញតាមពីក្រោយតារាឆ្នើមក្លិប Leicester City គឺ Jamie Vardy ដែលរកបាន ២២គ្រាប់ និងខ្សែប្រយុទ្ធ Aubameyang របស់ Arsenal រកបាន ២០គ្រាប់»។
Salah បានក្លាយជាកីឡាករ Liverpool ទី៤ ដែលរកបាន ១០០គ្រាប់នៅ Premier League ដោយក្នុងនោះរកបាន ៧៣គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួនបាន ១០៤លើក៕