(ភ្នំពេញ)៖ ស្រីស្រស់ វណ្ណ វល័ក្ខ ដែលជាតារាសម្តែងស្រី តែងតែសម្ញែញភាពសិចស៊ី បញ្ចេញដើមទ្រូងមូលក្បំ មុននេះបន្តិចបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្អួតសម្រស់ជាមួយរថយន្តទំនើបមួយគ្រឿង ម៉ាក Lexus 570 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។
ការបង្អួតរថយន្តថ្មី ក្នុងសម័យកូវីដ បានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់មិនស្ទើរនោះទេ ថា វណ្ណ វល័ក្ខ មានសមត្ថភាពមិនធម្មតា អាចរកចំណូលបានច្រើន សល់លុយរាប់ម៉ឺនដុល្លារទិញរថយន្តទំនើបជិះ។ បើគេនៅចាំមិនភ្លេចរថយន្តថ្មីនេះត្រូវបានតារាសិចស៊ី វណ្ណ វល័ក្ខ ទើបតែកៅឆាយអូសចេញពីឃ្លាំង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នេះទេ។
ថ្លែងប្រាប់ Fresh News Plus នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តារាសម្តែង វណ្ណ វល័ក្ខ បាននិយាយថា «រថយន្ត Lexus 570 ពណ៌ស ឆ្នាំ២០២០នេះ គឺនាងបានទិញក្នុងតម្លៃ ២៣ម៉ឺនដុល្លារ ដែលលុយទាំងនោះ គឺបានមកពីកំលាំងញើសឈាមរបស់នាងផ្ទាល់ តាមរយៈការបើកជំនួញរកស៊ី ប៉ុន្តែជំនួញនោះ នាងសូមលាក់មហាជនសិន ដោយមិនទាន់បើកជំហរជាសាធារណៈនោះឡើយ»។
វណ្ណ វល័ក្ខ បានបន្តទៀតថា ជាការពិតក្នុងរដូវកាលជំងឺកូវីដ១៩ រាតត្បាតកន្លងមក មានអ្នកសិល្បៈជាច្រើនបានត្អួញត្អែរពីបញ្ហាប៉ះពាល់ចំណូលសេដ្ឋកិច្ចផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់រូបនាងផ្ទាល់វិញ គឺមិនប៉ះពាល់អ្វីទាល់តែសោះ ពោលគឺមានតែកាក់កប ទាំងការងារជំនួញរកស៊ី និងការងារសិល្បៈ។
វល័ក្ខ និយាយថា «ចា៎បង! ថ្ងៃនេះហេងៗបាននាំរបស់ចូលផ្ទះ! ខ្ញុំទិញក្នុងតម្លៃ ២៣ម៉ឺនដុល្លារបង.. ដោយខ្ញុំបានលក់ឡានចាស់ខ្ញុំ គឺឡានឡង់គ្រីស័រ បានតម្លៃជិត១០ម៉ឺន ហើយបញ្ចូលលុយបន្ថែមទៀត ដើម្បីយកអាថ្មី គឺ Lexus 570 នេះ។ និយាយទៅបងលុយដែលទិញរថយន្តនេះ គឺខ្ញុំសន្សំច្រើនខែមកហើយ ដោយញើសឈាមខ្ញុំផ្ទាល់ ទៅលើការងារជំនួញរកស៊ី តែជំនួញនោះខ្ញុំសុំលាក់បងសិន»។
គួរបញ្ជាក់ ថា កញ្ញា វណ្ណ វល័ក្ខ ត្រូវបានគេដឹងថា គឺជាតារាសម្តែងមានប្រជាប្រិយភាពគួរសម នៅក្នុងពិភពសិល្បៈ ជាពិសេសល្បីល្បាញលើភាពសិចស៊ីរបស់នាង។ តាមរយៈរូបសម្រស់របស់នាង វណ្ណ វល័ក្ខ តែងតែត្រូវបានផលិតករឲ្យសម្តែងជាតួកាចឆ្នាស់ ខណៈដែលបច្ចុប្បន្ននេះនាងកំពុងតែថតរឿងចំនួនពីរគឺរឿង «ឥទ្ធិពលស្នេហ៍ក្នុងផ្លូវបណ្ដាសា» និងរឿង «មហិច្ឆតា» ត្រៀមដាក់បញ្ចាំងលើទូរទស្សន៍ PNN៕