(បរទេស)៖ TikTok បាននិងកំពុងក្លាយជាកម្មវិធីទូរស័ព្ទមួយដ៏ពេញនិយមពាសពេញពិភពលោក ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអ្នកប្រើរហូតដល់ជាង ៨០០លាននាក់ និងមានការទាញយក App ចេញពី App Store និង Play Store សរុបចំនួន ១.៥ពាន់លានដង (គិតត្រឹមដើមឆ្នាំ២០២០) ។
TikTok ឬ Douyin ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយក្រុមហ៊ុនចិន ByteDance ហើយនៅពេលនោះមានឈ្មោះដើមថា «A.me» ប៉ុន្តែក្រោយមកនៅខែធ្នូ ឆ្នាំ២០១៦ ទើបប្ដូរមកជា TikTok វិញ។
កម្មវិធី TikTok ត្រូវបានបង្កើតឡើងដោយប្រើរយៈពេលតែ២០០ថ្ងៃប៉ុណ្ណោះ ហើយអ្វីដែលអស្ចារ្យនោះគឺថា ក្រោយពីដាក់ឱ្យដំណើរការបានមួយឆ្នាំ មានអ្នកប្រើរហូតដល់១០០លាន និងមានការទស្សនាវីដេអូរហូតដល់ ១ពាន់លានដងក្នុងមួយថ្ងៃ។
ក្រោយពីដាក់ឱ្យដំណើរការបានមួយរយៈ និងទទួលបានការគាំទ្រច្រើននៅក្នុងប្រទេសចិនដែលជាទឹកដីកំណើតរួចមក លោក Zhang Yiming ដែលជាស្ថាបនិកក្រុមហ៊ុន ByteDance បានលើកឡើងថា «ចិនជាផ្ទះរបស់ពួកយើងពិតមែន ប៉ុន្តែចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតគឺមានត្រឹមតែ ១/៥ នៃអ្នកទូទាំងពិភពលោក។ បើយើងមិនពង្រីក វិសាលភាពរបស់យើងទៅកាន់ពិភពលោកទេ នោះយើងមិនអាចចាប់យកអតិថិជន ៤/៥ ដែលកំពុងរង់ចាំ។ ដូច្នេះការពង្រីកទីផ្សារជាសកលគឺជាកត្តាចាំបាច់បំផុត»។
នៅខែកញ្ញា ឆ្នាំ២០១៧ ពោលគឺក្រោយពីដាក់ឱ្យប្រើជាផ្លូវការបានមួយឆ្នាំនៅក្នុងទីផ្សារប្រទេសចិន TikTok ក៏បានចាប់ផ្ដើមដាក់ឱ្យប្រើនៅជុំវិញពិភពលោក ដោយនៅដើមឆ្នាំ២០១៨ កម្មវិធី TikTok បានចាប់ចំណាត់ថ្នាក់លេខមួយ ដែលមានអ្នកទាញយកច្រើនជាងគេបំផុត (App Store) នៅក្នុងប្រទេសថៃ និងនៅតាមបណ្ដាប្រទេសមួយចំនួនទៀត។
កាលពីចុងឆ្នាំ២០១៧ ក្រុមហ៊ុន ByteDance បានចំណាយលុយ ១ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុន musical.ly ដែលជាកម្មវិធីមួយមានលក្ខណៈស្រដៀងគ្នាទៅនឹង TikTok ប៉ុន្តែសម្បូរទៅដោយអតិថិជនជាយុវវ័យ។ ក្រោយមកនៅខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន ByteDance បានធ្វើការរួមបញ្ជូល TikTok និង musical.ly ឱ្យទៅជាកម្មវិធីតែមួយគឺ TikTok ដើម្បីធ្វើឱ្យទីផ្សារកាន់តែធំ។
នៅដើមឆ្នាំ២០១៨ កម្មវិធី TikTok មានបានពង្រីកខ្លួនទៅកាន់ទីផ្សារ ១៥០ប្រទេស ដោយក្នុងនោះមាន ៧៥ភាគរយ និងមានអ្នកទាញយកចេញពី App Store ច្រើនជាង ១០៤លានដង ដែលនាំឱ្យ TikTok ឡើងមកអង្គុយកៅអីក្បែរ Facebook, YouTube និង Instagram ក្នុងតារាងកម្មវិធីដែលពេញនិយមជាងគេបំផុតសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS។
អ្នកប្រើ TikTok នៅអាមេរិក ៥២ភាគរយនៃអ្នកប្រើសរុបបានប្រើជាមួយ iPhone ខណៈដែលមានស្ត្រី ៤៤ភាគរយ នៃអ្នកប្រើសរុបនិងភាគច្រើននៃអ្នកប្រើ TikTok គឺជាយុវវ័យដែលមានវ័យចន្លោះពី១៦ ដល់ ២៤ឆ្នាំ។
ប្រទេសដែលមានអ្នកប្រើប្រាស់ TikTok ច្រើនជាងគេគឺឥណ្ឌា ដែលមានរហូតដល់ ៤៦៦.៨លាននាក់, ចិនមានចំនួន ១៧៣.២លាននាក់ និងអាមេរិក មានចំនួន ១២៣.៨លាននាក់ ហើយបើគិតជាមធ្យម អ្នកប្រើ TikTok ម្នាក់បានចំណាយពេល៥២នាទីក្នុងមួយថ្ងៃដើម្បីលេង TikTok។
កាលពីថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបិទកម្មវិធី TikTok រួមនឹងកម្មវិធីចំនួន៥៨ផ្សេងទៀត ដោយសារបារម្ភនិងភ័យខ្លាចលើសុវត្ថិភាព សន្ដិសុខជាតិ ហើយប៉ុន្មានថ្ងៃនេះផងដែរ អាមេរិកក៏កំពុងពិចារណាក្នុងការបិទ TikTok រួមនឹងកម្មវិធីផ្សេងៗទៀតដូចឥណ្ឌាដែរ ព្រោះតែភ័យខ្លាចលើសុវត្ថិភាព និងសន្តិសុខជាតិរបស់អាមេរិក ព្រោះអាមេរិកនិយាយថា ក្រុមហ៊ុន TikTok ផ្តល់ទិន្នន័យពីអ្នកប្រើប្រាស់ដល់រដ្ឋាភិបាលចិន៕