(អេមស្ទើដាម)៖ លីគបាល់ទាត់នៅក្នុងប្រទេសហូឡង់ នឹងចាប់ផ្តើមឡើងវិញ នៅខែកញ្ញាខាងមុខ ជាមួយនឹង១៥ ទៅ ៣៥% នៃពហុកីឡដ្ឋាន នឹងអនុញ្ញាតឲ្យអ្នកទស្សនាចូលរួម ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមនោះឡើយ, នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់ហូឡង់ (KNVB) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ។

សមាគមបាល់ទាត់ហូឡង់ បានចេញនូវឯកសារពិធីសារលម្អិតមួយដែលមានចំនួន៨០ទំព័រ សម្រាប់ការវិលត្រឡប់មកវិញនៃការប្រកួតបាល់ទាត់ បន្ទាប់ពីរដូវកាលកន្លងទៅ ត្រូវបានលុបចោលវិញ ដោយសារតែវិបត្តិសុខាភិបាល គឺការរីករាលដាល នៃវីរ៉ុស COVID-19។ អ្នកទស្សនានឹងត្រូវរក្សាគម្លាត១.៥ម៉ែត្រពីគ្នា និងត្រូវពាក់ម៉ាស។

ការប្រកួតបាល់ទាត់ហូឡង់ ត្រូវបានផ្អាកសកម្មភាពដោយសារតែវិបត្តិ COVID-19 នៅក្នុងខែមីនា ជាមួយនឹងការហាមឃាត់ជាលើកដំបូងគឺរហូតដល់ខែកញ្ញា ប៉ុន្តែការហាមឃាត់នេះត្រូវបានដកចេញវិញ កាលពីខែមុនដោយរដ្ឋាភិបាល៕