(វ៉ាស៊ីនតោន)៖ ការិយាល័យរដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្រេចចិត្តចុងក្រោយ ក្នុងការដាក់បទប្បញ្ញត្តិរារាំងការទិញទំនិញ ឬសេវាកម្ម ពីក្រុមហ៊ុនណាដែលប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនចំនួន៥ របស់ចិន ក្នុងនោះមាន Huawei មួយផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
បំរាមនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩ គឺមិនទិញទំនិញ ឬសេវាកម្មពីក្រុមហ៊ុនក្នុងស្រុកទាំងឡាយណាយកមកប្រើប្រាស់នៅក្នុងជួររដ្ឋាភិបាលឡើយ បើសិនជាក្រុមហ៊ុនទាំងនោះប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនចិន ជាពិសេសគឺឧបករណ៍តាមដាន និងកាមេរ៉ារបស់ក្រុមហ៊ុន Dahua និង Hikvision។ ចំណែក្រុមហ៊ុន Hytera Communications Corp ដែលផ្ដល់សេវាកម្មវិទ្យុទាក់ទង និងគ្រឿងទូរគមនាគមន៍ និងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Huawei Technologies និង ZTE Corp។
បំរាមដែលចេញកាលពីឆ្នាំ២០១៩នេះ បានកំណត់ថា ក្រុមហ៊ុនទាំងឡាយណាដែលប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុនចិនទាំង៥ ខាងលើនេះ គឺមិនអនុញ្ញាតឱ្យធ្វើការងារជាមួយរដ្ឋាភិបាលអាមេរិកនោះទេ។ ច្បាប់នេះ ត្រូវបានសេតវិមាន ដាក់ចេញចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកើនឡើងជុំវិញការដោះស្រាយបញ្ហាប្រឈមផ្សេងៗជាច្រើន ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន និងរឿងទីក្រុងហុងកុង។
យោងតាមមន្ត្រីការិយាល័យរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ការសម្រេចចិត្តចុងក្រោយក្នុងការដាក់បំរាមនេះជាធរមាន នឹងត្រូវធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ហើយបំរាមនេះនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីខែសីហា ពោលគឺក្រោយពីច្បាប់ចូលជាធរមាន៕