(អាមេរិក)៖ ក្រុមហ៊ុន Amazon.com Inc គ្រោងនឹងបង្កើតប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងតិច ១០០លានដុល្លារ ដើម្បីរក្សាបុគ្គលិកប្រមាណជាង ៩០០នាក់ ដែលកំពុងធ្វើការងារនៅក្នុងក្រុមហ៊ុន Zoox ដែលខ្លួនបានទិញកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុន Amazon បានបញ្ជាក់ថា ទឹកប្រាក់ ១០០លានដុល្លារអាមេរិកនេះ នឹងផ្ដល់ជាភាគហ៊ុនទៅឱ្យបុគ្គលិកដែលស្ម័គ្រចិត្តបន្តធ្វើការងារនៅក្នុង ក្រុមហ៊ុន Zoox ចំណែកបុគ្គលិកដែលសម្រេចចិត្តដើរចេញ ក្រុមហ៊ុនមិនបានផ្ដល់ប្រាក់រង្វាន់នេះឡើយ។

មូលហេតុដែលក្រុមហ៊ុន Amazon ធ្វើដូច្នេះ ត្រូវបានប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា នៅមុនពេលក្រុមហ៊ុន Zoox សម្រេចចិត្តលក់ឱ្យ Amazon គឺ Zoox បានដាក់លក្ខខណ្ឌមួយគឺ «Key Employees» ដែលនៅក្នុងនោះ Zoox បានកំណត់ថា ក្រោយពីទិញ Amazon ត្រួវរក្សាបុគ្គលិករបស់ខ្លួន ជាពិសេសគឺផ្ដល់នូវរង្វាន់ផ្សេងៗ ហើយចំណុចនេះដែរ គឺដើម្បីជំរុញទឹកចិត្តបុគ្គលិកឱ្យប្រឹងប្រែងធ្វើការងារកាន់តែខ្លាំង ដោយព្រោះថា ពួកគាត់មិនមែន ធ្វើការដើម្បីទទួលបានតែប្រាក់ខែនោះទេ គឺគាត់ធ្វើការងារដើម្បីក្រុមហ៊ុនខ្លួនឯងផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក Amazon បានប្រកាសឱ្យដឹងថា ខ្លួនបានទិញក្រុមហ៊ុន Zoox ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ ទើបតែបង្កើតឡើងបាន៦ឆ្នាំប៉ុណ្ណោះ ខណៈតម្លៃ នៃការទិញត្រូវបានគេដឹងថាប្រហែលជា ១.២ពាន់លានដុល្លារ។

នៅក្នុងសេចក្ដីប្រកាស Amazon បានលើកឡើងថា «ចក្ខុវិស័យនៃការធ្វើដំណើរដោយស្វយ័តនឹងក្លាយជាការពិត» ប៉ុន្តែ Amazon មិនបានបង្ហាញពីគោលបំណង ច្បាស់លាស់នៃការទិញក្រុមហ៊ុន Zoox ឡើយ ដោយគ្រាន់តែបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Zoom គឺនៅដូចដើម ដោយមិនមានការជ្រៀតជ្រែងពី Amazon ឡើយ ពោលគឺលោកស្រី Aicha Evans នៅតែបន្តកាន់តំណែងជានាយកប្រតិបត្តិ (CEO) ចំណែកលោក Jesse Levinson ដែលជាសហស្ថាបនិក នៅតែកាន់តំណែងជាប្រធានបច្ចេកវិទ្យា (CTO) ដដែល៕