(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍អ៊ីតាលី Telecom Italia បានដកឈ្មោះក្រុមហ៊ុន Huawei ចេញពីបញ្ជីឈ្មោះក្រុមហ៊ុនដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ និងសេវា 5G ដោយក្នុងនោះប្រទេសប្រេស៉ីលក៏ដក Huawei ចេញដូចគ្នា។ នោះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
មូលហេតុនៃការដកឈ្មោះក្រុមហ៊ុន Huawei ចេញនេះគឺត្រូវបានគេដឹងថា ដោយសារតែមានការអំពាវនាវពីសំណាក់ សហរដ្ឋអាមេរិក ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei អាចបង្កហានិភ័យ និងប៉ះពាល់ដល់សន្តិសុខជាតិ។
នៅក្នុងតារាងដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ 5G មានឈ្មោះក្រុមហ៊ុន Cisco, Ericsson, Nokia និងក្រុមហ៊ុន Microsoft ដែលក្រុមហ៊ុនទាំងនេះ សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលរកប្រាក់ចំណូលបានខ្ពស់ពីការផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុន Huawei ធ្លាប់បានលើកឡើងជាច្រើនដងមកហើយថា ខ្លួននឹងស្វាគមន៍សម្រាប់ ប្រទេសដែលអនុញ្ញាតឱ្យប្រើ 5G របស់ខ្លួន ហើយខ្លួននឹងផ្តោតសំខាន់ទៅលើការវិនិយោគក្នុងប្រទេសនោះជាអាទិភាព៕