(ភ្នំពេញ)៖ តារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា សុផា លីនដា បានសម្រេចចិត្តបើកទម្លាយចំណង និងមុខមាត់គូស្នេហ៍របស់ខ្លួនជាសាធារណៈ បន្ទាប់ពីលាក់ទុកអស់ជាច្រើនជិត១ឆ្នាំ ក្នុងនោះ សុផា លីនដា ក៏បានបណ្ដាក់ទុនទាំងស្នេហា និងថវិការួមគ្នាបង្កើតជំនួញររកស៊ីជាមួយគ្នាលើកដំបូង ដើម្បីបង្ហាញថា ពួកគេនឹងចាប់ដៃគ្នាសាងអនាគតគ្រួសារយ៉ាងពិតប្រាកដ ក្រោយរបររកស៊ីនេះទទួលបានជោគជ័យ។ សុផា លីនដា បានអត្តសញ្ញាណគូស្នេហ៍ជាផ្លូវការ នៅថ្ងៃបើកដំណើរការដំបូងនៃហាងថ្មីរបស់នាង។
ស្រីស្រស់ជាតារាសម្ដែង និងជាពិធីការិនី សុផា លីនដា បានថ្លែងប្រាប់ Fresh News Plus ថា នាងបានស្គាល់គូស្នេហ៍ប្រមាណជិត១ឆ្នាំមកហើយ ពេលនេះអាចថាច្បាស់លាស់ជាមួយគ្នា ទើបសម្រេចចិត្តថា ដាក់ទុនទាំងស្នេហា និងថវិការួមគ្នា ប៉ុន្តែនៅមិនទាន់គិតដល់ថ្ងៃរៀបការណាមួយនៅឡើយ។ នាងបន្តថា គូស្នេហ៍របស់នាង មានវ័យជាង៣០ឆ្នាំ សព្វថ្ងៃក្រៅពីមានហ៊ុនរួមគ្នាហើយនោះ នាងបានចាត់ចែងគូស្នេហ៍ក្នុងនាមជាចុងភៅ និងអ្នកគ្រង់គ្រងហាង ខណៈដែលរូបនាងក៏ជាអ្នកមើលការខុសត្រូវជំនួញនេះ ក្រៅពីសម្រាកពីការងារសិល្បៈ។
តារាស្រី សុផា លីនដា មិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ បើកដំណើរការសាកល្បងលើកដំបូង នូវអាហារដ្ឋាននេះទេ ប៉ុន្តែទំហំទឹកប្រាក់ដែលគេអាចសន្និដ្ឋានបាន គឺអាចច្រើនម៉ឺនដុល្លារ ព្រោះទីតាំងនៃជំនួញរបស់ពួកគេ គឺស្ថិតនៅតំបន់ទីប្រជុំជន ពោលគឺនៅខាងក្រោយសាលាវ៉ាន់ដាគណនេយ្យ ដោយគ្រាន់តែចាប់បើកដំណើរការភ្លាម ទទួលបានការគាំទ្រច្រើន រហូតរកកន្លែងអង្គុយគ្មាន។ នាងបន្តថា ការបើកមុខរបរក្នុងដំណាក់កាលនេះ គឺអាចលំបាកបន្តិចសម្រាប់ផ្លូវចិត្ត ប៉ុន្តែក្រោយសង្កេតឃើញពីសន្ទុះនៃការគាំទ្រ នាងពិតជារំភើបចិត្ត ដែលនាងបញ្ជាក់ថា គ្រោងពង្រីកសាខាហាង និងការលក់ឈ្មោះ Brand សម្រាប់អ្នកចង់បើកបន្ត។
គួរបញ្ជាក់ថា សុផា លីនដា គឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីការិនីល្បីឈ្មោះម្នាក់ ក្រោយពីនាងចូលប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ។ នាងនឹងនៅតែបន្តការងារសិល្បៈជាប្រក្រតី បើទោះបីជាពេលនេះ នាងមានមុខជំនួញក្នុងដៃក៏ដោយ។ កាលពីថ្ងៃទី០៩ ខែកក្កដា នេះ តារាស្រី សុផា លីនដា បានប្រកាសបើកដំណើរការជាផ្លូវការអាហារដ្ឋានថ្មីយីហោ «ខ្ទះពុះ» ដែលជាជំនួញរកស៊ីដំបូង របស់នាងជាមួយគូស្នេហ៍ ខណៈដែលការងារសិល្បៈក៏បានជួបប្រទះនូវបញ្ហារអាក់រអួលខ្លះ ក្នុងរដូវកាលជំងឺកូវីដ១៩៕