(ស្វាយរៀង)៖ ក្រោយធ្វើការចាប់គូរកាលពីសប្តាហ៍មុនរួចមក ការប្រកួតពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ ឆ្នាំ២០២០ នឹងចាប់ផ្តើមប្រកួតវគ្គ៣២ក្រុមចុងក្រោយ ចាប់ពីសប្តាហ៍នេះ ដោយនៅក្នុងការប្រកួតវគ្គ៣២ក្រុមចុងក្រោយនេះ នឹងត្រូវប្រើពេល០៣សប្តាហ៍ មាន១៦ប្រកួត ដើម្បីរកក្រុមកីឡាចំនួន១៦ឡើងទៅ វគ្គបន្ត១៦ក្រុមចុងក្រោយ។
នៅក្នុងសប្តាហ៍នេះ ថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២០ មានការប្រកួតចំនួន០៦គូរ ថ្ងៃសៅរ៍ មានចំនួន០៣ប្រកួត និងថ្ងៃអាទិត្យ មានចំនួន០៣ប្រកួត។
ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាលឲ្យការប្រកួតកីឡា ដំណើរការជាជំហានៗ ដោយការប្រកួតស្វាយរៀងខាប់ ត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ដូចជា ការរក្សាគំលាត ការវាស់កំដៅ និងបាញ់អាល់កុល។
ចំពោះកីឡាករ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត ហើយមិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ខណៈនៅក្នុងបរិវេណទីលានប្រកួតមិនឲ្យមានមនុស្សលើសពី៨០នាក់។
សូមរំលឹកថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តមានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕