(បរទេស)៖ ថ្មីៗនេះ ប៉ូលីសទីក្រុង Los Angeles បាននិយាយថា មនុស្ស៥នាក់ ក្នុងនោះមានអនីតិជន២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់របស់តារារ៉េប Pop Smoke។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
ប៉ូលីសបាននិយាយថា «Jackson បានស្លាប់ដោយការប្លន់និងបាញ់សម្លាប់ នៅក្នុងគេហដ្ឋានរបស់លោកផ្ទាល់ ខណៈការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ គឺត្រូវបានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាល់ប៊ុមរបស់ Pop Smoke ត្រូវបានបញ្ចេញ»។
ប៉ូលីសបានកំណត់អត្តសញ្ញាណជន ៣នាក់ ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ មានដូចជាឈ្មោះ Corey Walker អាយុ ១៩ឆ្នាំ, Keandre Rodgers អាយុ ១៨ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីករណីឃាតកម្ម និងម្នាក់ទៀតឈ្មោះ Jaquan Murphy អាយុ ២១ឆ្នាំ ត្រូវបានចោទប្រកាន់ពីករណី ប៉ុនប៉ងមនុស្សឃាត។
អំឡុងពេលនៃប្រតិបត្តិការស៊ើបអង្កេត មានសមាជិកនៃក្មេងទំនើងតាមផ្លូវ Los Angeles ក៏បានចូលរួមក្នុងការធ្វើឃាត Jackson ផងដែរ។ កាលពីខែកុម្ភៈ ឆ្នាំ២០២០ តារាប្រុសជនជាតិអាមេរិក Pop Smoke ដែលមានឈ្មោះពិតថា Bashar Barakah Jackson ត្រូវបានសម្លាប់ ដោយសង្ស័យពីករណីប្លន់។
គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប៉ូលីសបានទទួលទូរស័ព្ទថា មានករណីប្លន់នៅតំបន់ West Hollywood នៅមុនម៉ោង៥ព្រឹក។ នេះជាការហៅទូរសព័្ទពីមិត្តភ័ក្តរបស់តារារ៉េប Jeckson ពីទីក្រុងញូយ៉ក ដែលបានប្រាប់ប៉ូលីសថា Jeckson បានទាក់ទងមកពួកគេពីហេតុការណ៍ គេកំពុងជួបប្រទះនៅក្នុងផ្ទះរបស់គេ ដែលមានមនុស្សកាន់កាំភ្លើងចូលមក៕