(ចិន)៖ គ្រប់គ្នាសុទ្ធតែបានឮអំពីរឿង «សាមកុក» ឬ «នគរទាំងបី» ហើយអ្នកខ្លះក៏ថែមទាំងធ្លាប់ទស្សនាខ្សែភាពយន្តបុរាណចិនដ៏ល្បីល្បាញនេះដែរ ប៉ុន្តែប្រហែលជាមិនសូវមានអ្នកដឹងទេថា តើសង្គ្រាមដ៏ធំក្នុងប្រវត្តិសាស្ត្រចិនមួយនេះចាប់ផ្ដើមពីឆ្នាំណាដល់ឆ្នាំណា បណ្ដាលឱ្យមានមនុស្សស្លាប់ប៉ុន្មានលាននាក់ ហើយបង្កវិនាសកម្មខ្លាំងប៉ុន្មាននោះទេ។

នៅចុងសម័យរាជវង្សហាន (Han Dynasty) ចាប់ពីឆ្នាំ២០២ មុនគ្រិស្តសករាជដល់ឆ្នាំ២២០ នៃគ្រិស្តសករាជ ប្រទេសចិនបុរាណបានជួបនូវការបែកបាក់ផ្ទៃក្នុង ដោយស្ដេចត្រាញ់ និងមេដឹកនាំតាមតំបន់នីមួយៗបានធ្វើសង្គ្រាមដណ្ដើមអំណាចគ្នាទៅវិញទៅមក ហើយបង្កើតបានជានគរធំៗចំនួនបី រួមមាន៖ នគរស៊ូហាន (Shu Han) លាតសន្ធឹងពីភាគខាងលិចរហូតដល់ភាគនិរតី បង្កើតដោយព្រះបិតុលា លាវ ប៉ី (Liu Bie) នគរវួយ (Wei) លាតសន្ធឹងចាប់ពីភាគពាយព្យ ភាគខាងជើង រហូតដល់ភាគឦសាន បង្កើតដោយសម្ដេចអ៊ួយ ឆាវ ឆាវ (Cao Cao) និងនគរអ៊ូ (Wu) លាតសន្ធឹងពីភាគខាងត្បូងរហូតដល់ភាគខាងកើត បង្កើតដោយស្ដេចត្រាញ់ ស៊ុន ឈាន (Sun Quan)។

ចាប់តាំងពីសម្ដេចអ៊ួយ ឆាវ ឆាវ ប្រកាសបង្កើតនគរវួយនាអំលុងឆ្នាំ២២០ នៃគ្រិស្តសករាជ នៅរាជធានីឆាងអាន (Chang-an) នោះមក សម័យកាលនគរទាំងបីក៏បានបើកទំព័រជាផ្លូវការ។ សង្គ្រាមបានផ្ទុះឡើងនៅគ្រប់ទីកន្លែង ដោយបានសម្លាប់មនុស្សអស់រាប់លាននាក់ ពិសេសគឺអ្នករស់នៅភូមិភាគកណ្ដាល និងអ្នករស់នៅក្នុងទីក្រុងនានា ថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង ហេដ្ឋារចនាសម្ពន្ធ សមិទ្ធផលក្នុងទីក្រុង និងសម្ភារសឹកជាច្រើនសន្ធឹកសន្ធាប់។

មហាសង្គ្រាមដ៏រ៉ាំរ៉ៃនេះបានកើតឡើងរហូតដល់ឆ្នាំ២៨០ នៃគ្រិស្តសករាជ ពោលគឺមានរយៈពេល៦០ឆ្នាំ ហើយប្រសិនបើគិតតាំងពីពេលដែលឧបរាជ យាន សៅ (Yuan Shao) បើកទ្វារឱ្យមេទ័ព តុងជ័រ លើកទ័ពចូលក្រុងឡកយ៉ាង (Luoyang) ក្ដោបក្ដាប់អំណាចរាជវង្សហានផងនោះ គឺមានរយៈពេលដល់ទៅប្រមាណ១០០ឆ្នាំឯណោះ។

អ្នកប្រវត្តិសាស្ត្របានចាត់ទុកថា សម័យសង្គ្រាមសាមកុកនេះ ត្រូវបានបិទទំព័រនៅត្រឹមពេលដែលព្រះមហាក្សត្រនគរជិន (Jin) របស់ត្រកូល ស៉ឺម៉ា (Sima) វាយយកនគរអ៊ូបានជាស្ថាពរនៅឆ្នាំ២៨០ ហើយក៏បានបង្រួបបង្រួមទឹកដីទាំងមូល បង្កើតបានជានគរជិនថ្មីលើទឹកដីនគរហានបុរាណ។

សាមកុកត្រូវបានចាត់ទុកថា ជាសម័យសង្គ្រាមបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្របុរាណចិន។ បើតាមការធ្វើជំរឿននាសម័យរាជវង្សជិនបានឱ្យដឹងថា មានប្រជារាស្ត្រ និងកងទ័ពចំនួន ១៦,១៦៣,៨៦៣នាក់បានស្លាប់បាត់បង់ជីវិត និងបង្កឱ្យផ្ទះសម្បែងចំនួន ២,៤៥៩,៨៤០ ខ្នងរងការបំផ្លិចបំផ្លាញ។ ប៉ុន្តែបើយោងតាមទិន្នន័យដែលបានកត់ត្រា នាសម័យចុងរាជវង្សហាន គឺមានអ្នកស្លាប់ដល់ទៅ ៥៦,៤៨៦,៨៥៦ នាក់ឯណោះ ចំណែកឯផ្ទះសម្បែងដែលរងការខូចខាតមានចំនួន ១០,៦៧៧,៩៦០ ខ្នង។

សូមជម្រាបថា នគរជិន (Jin dynasty) ត្រូវបានបង្កើតឡើងនៅមុនឆ្នាំ២៨០ នៃគ្រិស្តសករាជ បន្ទាប់ពីមេទ័ពត្រកូល ស៉ឺម៉ា (ជំនាន់ក្រោយរបស់ឧបរាជ ស៉ឺម៉ា អ៉ី) ធ្វើរាជប្រហារដណ្ដើមអំណាចពីព្រះមហាក្សត្រនគរវួយ ដែលត្រូវជាជំនាន់ក្រោយរបស់ ឆាវ ឆាវ៕