(ឡូសាណេ)៖ តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានប្រកាសនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ថា ក្រុម Mancheste r City នឹងដឹងលទ្ធផលនៃបណ្តឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងនឹងការហាមឃាត់រយៈពេល ២ឆ្នាំពីការប្រកួតរបស់ UEFA នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ បើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។

ក្លិបអង់គ្លេស City ត្រូវបានហាមឃាត់ដោយ UEFA និងពិន័យជាប្រាក់ចំនួន ៣៤លានដុល្លារពីបទចាយលុយលើសកំណត់ដោយមិនបានគោរពតាមច្បាប់ហិរញ្ញវត្ថុ (FFP) ចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦។

ភាគីខាងក្លិប Man City ក៏បានបដិសេធរាល់ការចោទប្រកាន់នេះជាមួយនឹងសវនាការរយៈពេល ៣ថ្ងៃលើករណីនេះត្រូវបានធ្វើឡើងផងដែរតាមរយ: Video Conference។

CAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) នឹងប្រកាសពីការសម្រេចនៃនីតិវិធីអាជ្ញាកណ្តាលរវាងក្លិបបាល់ទាត់ Manchester City និងសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃចន្ទ ទី១៣ ខែកក្កដាឆ្នាំ ២០២០។ CAS បន្ថែមថា ការសម្រេចចិត្តនេះនឹងត្រូវប្រកាសនៅម៉ោង១០ និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក)។

គួរបញ្ជាក់ផងថា Man City នាំមុខ ១១ពិន្ទុលើក្រុមលេខ៥ Manchester United ក្នុងលីគកំពូលអង់គ្លេស Premier League ហើយត្រូវការឈ្នះតែ ១ ពិន្ទុទៀតប៉ុណ្ណោះពី ៤ប្រកួតទៀតនៃរដូវកាលរបស់ពួកគេ ដើម្បីប្រាកដក្នុងការលេងនៅChampions League រដូវកាលក្រោយជាបន្តទៀត៕