(អាមេរិក)៖ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងតែសម្រេចចិត្តលើការហាមឃាត់កម្មវិធី TikTok របស់ចិន រួមនឹងកម្មវិធីផ្សេងៗមួយចំនួនទៀតនោះទេ ស្រាប់តែនៅពេលនេះ លេចធ្លាយព័ត៌មានមកថា ក្រុមហ៊ុន Amazon បានចេញបំរាមមិនឱ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់កម្មវិធី TikTok ឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយដកស្រង់សម្ដីរបស់បុគ្គលិកជាប់ខ្ពស់មួយរូបរបស់ Amazon បានឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Amazon បានស្នើដល់បុគ្គលិកទាំងអស់លុបកម្មវិធី TikTok ចេញពីទូរស័ព្ទដៃរបស់ខ្លួន ប៉ុន្តែមិនបាន បញ្ជាក់ ពីមូលហេតុនោះទេ។

ព័ត៌មាននេះ បានធ្វើឱ្យក្រុមហ៊ុន ByteDance ដែលជាអាណាព្យាបាលរបស់ TikTok មានអារម្មណ៍កាន់តែក្ដៅគគុក ព្រោះរឿងអាក្រក់វាកើតមានឡើងផ្ទួនៗ ដោយកាលពីប៉ុន្មានសប្ដាហ៍មុន រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបិទកម្មវិធី TikTok ក្រោយពេលកើតមានការប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌា នៅតាមព្រំដែន ហើយថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ក៏បាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល ការ ហាមឃាត់ TikTok និង កម្មវិធីផ្សេងៗទៀតរបស់ចិន ក្រោមហេតុផងភ័យខ្លាច និងសុវត្ថិភាពសន្ដិសុខជាតិ។

គួរបញ្ជាក់ផងដែរថា TikTok ជាកម្មវិធីលេងកម្សាន្តមួយនៅលើទូរស័ព្ទដៃរបស់ចិន និងបានពង្រីកទីផ្សារមកកាន់សកលលោក ដោយទទួលបានការពេញនិយមយ៉ាងឆាប់បំផុត ក្នុងនោះប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត ហើយបើតាមការប៉ាន់ប្រមាណ ក្រោយពីឥណ្ឌាបិទ ធ្វើឱ្យ TikTok ខាតប្រាក់ប្រមាណ ៦ពាន់លានដុល្លារ៕