(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន នឹងត្រូវប៉ះក្រុមណាហ្គាវើលដ៏ ក្នុងនាមជាគូឯកប្រចាំសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជានាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) បន្ទាប់ពីក្រុមទាំងពីរបានធ្វើការធ្ងន់រៀងៗខ្លួនកាលពីសប្ដាហ៍មុន។

ជុំវិញការប្រកួតមិនអាចមើលរំលងនេះ លោក ស៊ុ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន បានសរសើរដល់គូប្រជែង ៣ចំណុច មុនការប្រកួតមកដល់ ទី១-ណាហ្គាវើលដ៏ គឺជាក្រុមមានឈ្មោះបោះសំឡេងក្នុងលីគយូរឆ្នាំ និងមានការរៀបចំក្រុមបានល្អ ។ ទី២-សម្បូរដោយធនធានកីឡាករមានបទពិសោធន៍លើទីលាន ទាំងកីឡាករខ្មែរ និងបរទេស។

ចំណែកទី៣- គឺគ្រូបង្វឹកដឹកនាំដោយលោក មាស ចាន់ណា ជាគ្រូបង្វឹកម្នាក់សំបូរដោយបទពិសោធន៍ និងយុទ្ធសាស្ដ្រក្នុងការរៀបចំក្រុម ។ ជារួមគឺលោកមានបទពិសោធន៍ ទាំងក្នុងទីលាន និងក្រៅទីលាន ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន លោកទើបដឹកនាំក្រុមវាយបកយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) ៤-១ ។

យ៉ាងណាមិញលោកអះអាងថា ក្រុមណាក៏ដោយ មកប៉ះភ្នំពេញក្រោន គឺសុទ្ធតែជាក្រុមខ្លាំង ក្នុងការត្រៀមខ្លួនប្រកួតប្រជែង ហើយក្រុមលោក ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍ការប្រកួតទាំងនោះផងដែរ ។ លោករំពឹងថា ការប្រកួតនេះ នឹងមានភាពទាក់ទាញ មិនចាញ់ការប្រកួតស្មើ ២-២ ជាមួយក្រុមវិសាខា កាលពីចុងសប្ដាហ៍កន្លងទៅឡើយ ។

គួរដឹងថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ និងមាន ១៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ២ពិន្ទុ ។ រីឯក្រុមណាហ្គាវើលដ៏ កំពុងឈរលេខ៤ និងមាន ១១ពិន្ទុ ស្មើគ្នាជាមួយក្រុមបឹងកេត ប៉ុន្ដែក្រុមលោក មាស ចាន់ណា នេះ ចំណេញមួយប្រកួតក្នុងដៃ ដែលមិនទាន់ធ្វើការប្រកួតនៅឡើយ៕