(ភ្នំពេញ)៖ លោក សូ វិសិដ្ឋ ដែលត្រូវបានគេស្គាល់ថា ជាតន្រ្តីករ និងជាកវីនិពន្ធបទចម្រៀង «ព្រះឥន្ទទាត់សី», «មេម៉ាយសប្បាយចិត្ត» ព្រមទាំងបទចម្រៀងអប់រំ តាមក្រសួង និងស្ថាប័នរដ្ឋនានារាប់បទទៀតនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលលោកមានអាការៈងងឹតមុខ ពិបាកដកដង្ហើម ចុកក្នុងទ្រូង និងជាតិខ្លាញ់ក្នុងខ្លួនឡើងខ្លាំង។

លោកគ្រូ សូ វិសិដ្ឋ បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះ ពីមន្ទីរពេទ្យកាល់ម៉ែតមកថា កន្លងមកលោកមិនដែលមានអាការៈបែបនេះទេ ពោលគឺលោកមានកម្លាំងកំហែងធម្មតា។ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ ពេលដែលលោកកំពុងជិះម៉ូតូ ស្រាប់តែខ្លួនរបស់លោកបែកញើសជោគ ហើយងងឹតមុខឈឹងតែម្ដង។ ពេលនោះលោកបង្ខំចិត្តឈប់ម៉ូតូ ហើយបានខលទូរស័ព្ទទៅកូន ដើម្បីឲ្យបញ្ជូលរូបលោកទៅមន្ទីរពេទ្យ។ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យឯកជនមួយ គឺគេមិនទទួលព្យាបាលនោះទេ ព្រោះអាការៈកាន់តែធ្ងន់ពេក ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។

លោកបន្តទៀតថា ក្រោយពីលោកគ្រូពេទ្យពិនិត្យ និងតាមដានព្យាបាលរួចមក គឺបានបង្ហាញលទ្ធផលថា លោកមានជំងឺគៀបសរសៃបេះដូង ជំងឺទឹកនោមផ្អែម លើសជាតិស្ករ និងជាតិខ្លាញ់ឡើងខ្លាំង ដែលត្រូវធ្វើការតាមដាន និងពិនិត្យច្រើនថ្ងៃទៀត ទើបបានធូរស្រាល។ លោកបន្តថា ដោយសារមានជំងឺភ្លាមៗបែបនេះ ធ្វើឲ្យការងារសិល្បៈរបស់លោក ដូចជាការផលិតបទចម្រៀងអប់រំផ្នែកចរាចរ​ចំនួន១៤បទ ត្រូវបានរាំងស្ទះ, បទចម្រៀងនិពន្ធជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនបទត្រូវបានផ្អាកទាំងពាក់កណ្ដាលទី និងកម្មវិធីប្រគំតន្រ្តីជាច្រើនទៀត ត្រូវបានផ្ទេរទៅអ្នកផ្សេង។

សូមបញ្ជាក់ថា លោកគ្រូ សូ វិសិដ្ឋ គឺជាតន្ត្រីករ និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីមួយរូប ឲ្យផលិតកម្មក្រៅប្រទេស។ ជាពិសេសលោកមានស្នាដៃច្រើន ក្នុងការតាក់តែងនិពន្ធបទជូនគណបក្សប្រជាជនកម្ពុជា និងនិពន្ធចម្រៀងអប់រំលើច្បាប់ចរាចរ បញ្ហាគ្រឿងញៀន ក្មេងទំនើង អប់រំតាមគោលការណ៍ភូមិ-ឃុំសុវត្ថិភាព ដែលមានរហូតដល់រាប់រយបទឯណោះ៕