(ភ្នំពេញ)៖ បន្ទាប់ពីមានមិត្តភក្តិជិតស្និទ្ធ បានបង្ហើបថា តារាសម្ដែងសិចស៊ីចូលចិត្តបញ្ចេញសាច់ដើមទ្រូងមូលក្បំ ធ្វើឲ្យប្រុសៗគ្រឺតខ្នាញ់ កញ្ញា វ៉ាន់ វល័ក្ខ ក្លាយជាជំទាវលាក់មុខរួចមក តារាសម្ដែងសាច់សខ្ចីរូបនេះ បានចេញមុខបដិសេធ ដោយអះអាងថា នាងមិនមែនជាជំទាវ មានប្ដី ឋានៈជាឯកឧត្តម ឬឧកញ៉ាណាមួយឡើយ។

ជាការកត់សម្គាល់តារាសម្ដែងសិចស៊ី វ៉ាន់ វល័ក្ខ ថ្មីៗនេះបានសម្ញែងរថយន្តស៊េរីទំនើបម៉ាក Lexus 570 ដែលមានតម្លៃ ២៣ម៉ឺនដុល្លារ។ ការបង្អួតរថយន្តថ្មី ក្នុងសម័យកូវីដ១៩នេះ បានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរមិនស្ទើរនោះទេ ថា វ៉ាន់ វល័ក្ខ មានសមត្ថភាពមិនធម្មតា អាចរកចំណូលបានច្រើន សល់លុយរាប់ម៉ឺនដុល្លារទិញរថយន្តទំនើបជិះ។ ប៉ុន្តែអ្នកគាំទ្រនាង បានដាក់ការសង្ស័យថា រថយន្តនេះអាចមានអ្នកធំណាម្នាក់ នៅពីក្រោយខ្នង ដើម្បីជួយជ្រោមជ្រែង និងឧបត្ថម្ភដល់រូបនាង ដែលជានារីកំណាន់ចិត្ត។

ស្របពេលដែលការបញ្ចេញរថយន្តទំនើបនេះភ្លាម មិត្តភក្តិជិតស្និទ្ធបានសម្ដែងក្ដីអបអរសាទរដល់រូបនាង ហើយហៅនាងថា «ជំទាវៗ» ពេញៗមាត់ ដែលជាហេតុធ្វើឲ្យមហាជនសន្និដ្ឋានថា នាងមានប្ដីជាឯកឧត្តម ឬជាឧកញ៉ាណាមួយមិនខាន។ ទោះបីជាស្រីស្រស់ វ៉ាន់ វល័ក្ខ មិនបានប្រតិកម្មភ្លាមៗ ជាមួយនឹងការបញ្ចេញមតិអមដោយការជូនពរនោះ ប៉ុន្តែនៅថ្ងៃនេះ វ៉ាន់ វល័ក្ខ បានបដិសេធថា រូបនាងមិនមានងារជា «ជំទាវ» អ្វីនោះទេ ពោលគឺពាក្យនេះ គ្រាន់តែមិត្តភក្តិហៅលេងតែប៉ុណ្ណោះ។

ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិច នៅព្រឹកនេះ វ៉ាន់ វល័ក្ខ បានថ្លែងប្រាប់ Fresh News Plus ថា តាមការពិតពាក្យដែលមិត្តភក្តិ ហៅនាងថាជា «ជំទាវៗ» នោះ គឺអ្នកទាំងនោះគ្រាន់តែនិយាយ(ហៅ)លេងតែប៉ុណ្ណោះ ដោយសារតែស្គាល់គ្នាស្និទ្ធស្នាល និងជិតដិត ហើយរូបនាងក៏មិនបានប្រតិកម្មអ្វីនោះទេ ព្រោះគិតថា ពាក្យនេះមិត្តភក្តិធ្លាប់ហៅញឹកញាប់ទៅហើយ។

«ច៎ាបង..មានឯណាបង! មិត្តភក្តិចេះតែហៅលេងហ្នឹងណា..! ខ្ញុំធម្មតាតើ! ពួកម៉ាក បងប្អូនគាត់ចេះតែហៅលេងហ្នឹង ដូចថាពេលជុំគ្នាហូបអីអ៊ីចឹង ណាបង..! មានមហាជនជាច្រើនគាត់ឆ្ងល់ គាត់សួរខ្ញុំថា បានប្ដីឯកឧត្តមណា? ឧកញ៉ាណា? អ៊ីចឹងដើម្បីកុំឲ្យឆ្ងល់ទៀត ខ្ញុំបានបង្ហោះរូបសង្សាររបស់ខ្ញុំ នៅក្នុងហ្វេសប៊ុកខ្ញុំ រួចហើយបង..!»។ វ៉ាន់ វល័ក្ខ បញ្ជាក់បន្ថែម។

ជាមួយនឹងការប្រកាសបដិសេធថា ខ្លួនមិនមែនជាជំទាវចំតិចអ្វីហើយនោះ វ៉ាន់ វល័ក្ខ ក៏បានប្រកាសថា នាងមានសង្សាររួចទៅហើយ ប៉ុន្តែសព្វថ្ងៃនេះកំពុងតែស្វែងយល់ចិត្តគ្នាទៅវិញទៅមក ខណៈដែលនាងសុំលាក់មុខសង្សារនោះ មិនឲ្យមហាជនឃើញទេ ព្រោះដំណាក់កាលនេះ ក្នុងលក្ខណៈស្ទង់ស្ទាបចិត្តគ្នានៅឡើយ។

គួរបញ្ជាក់ថាស្រីស្រស់ វណ្ណ វល័ក្ខ ត្រូវបានគេដឹងថា គឺជាតារាសម្តែងមានប្រជាប្រិយភាពគួរសម នៅក្នុងពិភពសិល្បៈ ជាពិសេសល្បីល្បាញលើភាពសិចស៊ីរបស់នាង។ តាមរយៈរូបសម្រស់អំណោយផលពីធម្មជាតិ វ៉ាន់ វល័ក្ខ តែងតែត្រូវបានផលិតករឲ្យសម្តែងជាតួកាចឆ្នាស់ ខណៈដែលបច្ចុប្បន្ននេះនាងកំពុងតែថតរឿងចំនួនពីរ គឺរឿង «ឥទ្ធិពលស្នេហ៍ក្នុងផ្លូវបណ្ដាសារ» និងរឿង «មហិច្ឆតា» ត្រៀមដាក់បញ្ចាំងលើទូរទស្សន៍ PNN៕