(ពិភពលោក)៖ សម្រាប់អ្នកដែលចង់ឲ្យ មានការវិលត្រឡប់មកវិញ នៃព្រឹត្តិការណ៍កីឡា, ពួកគេនឹងខកចិត្ត នៅពេលដែលព្រឹត្តិការណ៍ជាច្រើន នៅទូទាំងពិភពលោក ត្រូវបានពន្យាពេលម្តងទៀត ចំពេលមានការព្រួយបារម្ភ អំពីការរីករាលដាល នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយនាយប់ថ្ងៃទី១១ ខែកក្កដានេះ។
* ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់លើតុជាក្រុម លំដាប់ពិភពលោក (Table Tennis World Team Championships) ត្រូវពន្យារដល់ដើមឆ្នាំ២០២១
សហព័ន្ធកីឡាវាយកូនបាល់លើតុអន្តរជាតិ (ITTF) បានប្រកាសនៅថ្ងៃសៅរ៍នេះថា ព្រឹត្តិការណ៍ប្រកួតជើងឯក កីឡាវាយកូនបាល់លើតុជាក្រុម ឆ្នាំ២០២០ នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
ព្រឹត្តិការណ៍នេះ ដំបូងឡើយ គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែមីនាឆ្នាំនេះ ប៉ុន្តែវាត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមិថុនា ហើយត្រូវបានពន្យារពេលម្តងទៀត ថានឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដលថ្ងៃទី៤ ខែតុលា ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19។
* ព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី ឆ្នាំ២០២០ នៅប្រទេសចិន កំពុងពិភាក្សា ដើម្បីរៀបចំឡើងវិញ
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនកំពុងតែពិភាក្សាគ្នា ជាមួយនឹងគណៈកម្មាធិការកីឡាអូឡាំពិកចិន និងអ្នករៀបចំ ដើម្បីរៀបចំឡើងវិញ នូវព្រឹត្តិការណ៍កីឡាលើឆ្នេខ្សាច់អាស៊ីលើកទី៦ នៅទីក្រុង Sanya ខេត្ត Hainan ភាគខាងត្បូង ប្រទេសចិន។
ព្រឹតិ្តការណ៍នេះ គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។
* រដូវកាលព្រឹត្តិការណ៍បាល់ទាត់ប៊ុលហ្គារី ត្រូវពន្យារពេលចាប់ផ្តើម
សហព័ន្ធបាល់ទាត់ប៊ុលហ្គារី (BFU) បានពន្យារពេលការចាប់ផ្តើមការប្រកួតលីគកំពូល រដូវកាលថ្មី រយៈពេល២សប្តាហ៍ បន្ទាប់ពីប្រទេសមួយនេះ បានរកឃើញនូវករណីជំងឺឆ្លង COVID-19 ដែលមានចំនួនច្រើនបំផុត ក្នុងមួយសប្តាហ៍ ជាមួយនឹងករណីឆ្លងប្រចាំថ្ងៃ ចំនួន៣៣០ករណី កាលពីថ្ងៃសុក្រ និង២៩២ករណីថែមទៀត នាថ្ងៃសៅរ៍នេះ។
ការចាប់ផ្តើមរដូវកាលថ្មី, ដំបូងឡើយគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែឥឡូវនេះ ត្រូវប្តូរទៅចាប់ផ្តើម នៅថ្ងៃទី៧ ខែសីហាវិញ៕