(ចិន)៖ មួយរយៈពេលក្រោយនេះកម្មវិធីកម្សាន្តដ៏ល្បីរបស់ចិន TikTok កំពុងតែទទួលបានសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលឥណ្ឌា បានសម្រេចបិទកម្មវិធី TikTok ជាផ្លូវការ ហើយនៅពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏កំពុងតែពិចារណាបិទកម្មវិធី TikTok ដូចគ្នា ប៉ុន្តែអ្វីដែល Fresh News Plus ចង់លើកយកមកនិយាយនៅពេលនេះគឺលោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន TikTok ជានរណា និងមានលុយប៉ុន្មាន?
លោក Zhang Yiming កើតនៅក្នុងប្រទេសចិន បច្ចុប្បន្នជាកំពូលមហាសេដ្ឋីលំដាប់ទី១៤ នៅក្នុងប្រទេសចិន និងលំដាប់ទី៩០ នៅជុំវិញពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រមាណ ១៦.២ពាន់លានដុល្លារអាមេរិក។
បុរសវ័យ៣៨ឆ្នាំរូបនេះ បានចូលរៀនសកលវិទ្យាល័យ Nankai University របស់ចិន នៅឆ្នាំ២០០១ ជំនាញមីក្រូអេឡិចត្រូនិច ប៉ុន្តែប្ដូរទៅរៀនជំនាញវិស្វកម្មផ្នែកទន់ (Software Engineering) និងបញ្ចប់ឆ្នាំ២០០៥។ នៅឆ្នាំ២០០៦ លោកបានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនវេបសាយទេសចរណ៍ Kuxun ប៉ុន្តែនៅឆ្នាំ២០០៨ គាត់បានលាឈប់ និងចូលធ្វើការងារនៅក្រុមហ៊ុន Microsoft។
ធ្វើការងារនៅ Microsoft មិនបានប៉ុន្មានផង ក៏លាឈប់ដោយមកចូលរួមជាក្រុម Startup ថ្មីមួយមានឈ្មោះថា Fanfou។ នៅក្នុងអំឡុងឆ្នាំ២០០៩ ក្រុមហ៊ុន Kuxun ត្រូវបានក្រុមហ៊ុនទេសចរណ៍ដ៏ធំ Expedia ទិញយកពេលនោះផងដែរ Zhang Yiming ក៏បានបង្កើតគេហទំព័រថ្មីមួយ «អាជីវកម្មស្វែងរកអចលនទ្រព្យ» (ជាគម្រោងដែលលោកបានសិក្សា និងសិក្សាកាលពីលោកធ្វើការនៅ Kuxun) ឈ្មោះ 99fang.com ហើយវាគឺជាក្រុមហ៊ុនដំបូងបំផុតរបស់លោក។
នៅឆ្នាំ២០១១ លោក Zhang Yiming បានសម្លឹងឃើញថា ការប្រើកុំព្យូទ័រនិងទូរស័ព្ទដៃ ចាប់ផ្ដើមប្រើបញ្ចូលគ្នា ជាពិសេសគឺទិន្នន័យ និងការងារ ដូច្នេះហើយ លោកក៏សម្រេចចិត្តជ្រើសរើសបុគ្គលិកម្នាក់ដែលមានជំនាញគ្រប់គ្រាន់ឱ្យកាន់កាប់ក្រុមហ៊ុន 99fang.com ក្នុងនាមជានាយកប្រតិបត្តិ ហើយលោកងាយ ទៅបង្កើតក្រុមហ៊ុនអ៉ិនធើណេតថ្មីមួយដែលមានឈ្មោះថា ByteDance ដែលចេញជាផ្លូវការនៅឆ្នាំ២០១២។
បន្ទាប់មកទៀត លោកមើលឃើញថាមនុស្សភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មាន ប៉ុន្តែដោយសារតែព័ត៌មានមានច្រើនពេកធ្វើឱ្យពួកគាត់មិនអាចតាមដាន ឬស្វែងរកព័ត៌មានដែលចង់បាន ដូច្នេះហើយទើបលោក Zhang Yiming សម្រេចចិត្តបង្កើតកម្មវិធីព័ត៌មាន (News App) មួយដែលមានឈ្មោះថា Toutiao វាប្រើប្រាស់បច្ចេកវិទ្យា IA ដើម្បីនាំយកព័ត៌មានដែលមនុស្សម្នាក់ៗចូលចិត្តអាន ឧទាហរណ៍៖ បុគ្គល A ចូលចិត្តអានព័ត៌មានកីឡា អីចឹងនៅពេលបើក App ហ្នឹង វានឹងបង្ហាញតែព័ត៌មានកីឡាច្រើនជាងគេបំផុត។
មុនពេលបង្កើត App ព័ត៌មាននេះឡើង លោក Zhang Yiming ដាក់សំណើសុំខ្ចីលុយពីក្រុមហ៊ុន Susquehanna International Group ប៉ុន្តែត្រូវបានបដិសេធ តែក្រោយពី App ដំណើរការបានពីរឆ្នាំ និងមានអ្នកប្រើប្រចាំថ្ងៃ១៣លាននាក់ ក្រុមហ៊ុន Susquehanna International Group បានវិលត្រឡប់មករកលោក Zhang Yiming និងបានបណ្ដាក់ទុន១០០លានដុល្លារ នៅឆ្នាំ២០១៤។
ចក្ខុវិស័យរបស់លោក Zhang Yiming គឺមើលឃើញនូវអ្វីដែលថ្មី និងប្លែកពីគេជានិច្ច ដោយនៅឆ្នាំ២០១៥ លោកបានដាក់ឱ្យប្រើកម្មវិធីទូរស័ព្ទដៃ TikTok នៅក្នុងប្រទេសចិន ប៉ុន្តែលោកបានសម្រេចចិត្តចុងក្រោយគឺត្រូវដាក់ដំណើរនៅជុំវិញពិភពលោកដើម្បីទាញយកប្រាក់ចំណូលឱ្យបានខ្ពស់។
នៅឆ្នាំ ២០១៨ គ្រប់មុខជំនួញរបស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្រុមហ៊ុន ByteDance មានតម្លៃ៧៥ពាន់លាននៅលើទីផ្សារ និងបានក្លាយជាក្រុមហ៊ុន Startup មួយដែលមានស្លាកសញ្ញាពេញនិយម ជាពិសេសគឺបានរុញច្រានលោក Zhang Yiming ឱ្យកា្លយជាកំពូលមហាសេដ្ឋី លេខរៀងទី៩ នៅក្នុងប្រទេសចិន (ឆ្នាំ២០០៨)៕