(ដេលី)៖ ពហុកីឡដ្ឋានកីឡាគ្រីឃីត (Cricket) ឈ្មោះ Eden Gardens ស្ថិតក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា ត្រូវបានគេប្រើប្រាស់ធ្វើជាមជ្ឈមណ្ឌល សម្រាប់ដាក់ប៉ូលិសឥណ្ឌា ដែលបានឆ្លងជំងឺ COVID-19 ឲ្យរស់នៅដាច់ដោយឡែកពីគេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែកក្កដា។
ដោយសារតែបណ្តាមន្ទីរពេទ្យនៅក្នុងទីក្រុងមួយនេះ មានអ្នកជំងឺកាន់តែច្រើនឡើងៗ គ្រែរាប់រយ្រូវបានដាក់បំពាក់នៅឯពហុកីឡដ្ឋាន ដែលអាចផ្ទុកបានមនុស្ស រហូតដល់៨០,០០០នាក់នេះ ដែលជាទីកន្លែង ធ្លាប់បានប្រើប្រាស់ ជាទីលានប្រកួតបិទបញ្ចប់ព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ១៩៨៧ ផងដែរ។
ប៉ូលិសទីក្រុង Kolkata ជិត៥៥០នាក់ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុស COVID-19 និង២នាក់បានស្លាប់។
ករណីឆ្លងវីរ៉ុស COVID-19 នៅទូទាំងប្រទេសឥណ្ឌា គិតត្រឹមថ្ងៃសៅរ៍នេះបានកើនឡើងដល់៨២០,៩១៦ករណី ជាមួយនឹង២២,១៩៣ករណីបានស្លាប់៕